(សេអ៊ូល)៖ រដ្ឋមន្រ្តីការពារជាតិរបស់ប្រទេសកូរ៉េខាងត្បូងនិងសហរដ្ឋអាមេរិក បានព្រមព្រៀងមូលមតិគ្នានៅថ្ងៃសុក្រនេះ ក្នុងការធ្វើសមយុទ្ធ​យោធាក្នុងទ្រង់ទ្រាយធំជាងមុនមិនធ្លាប់មាននៅក្នុងនិទាឃរដូវខាងមុខនេះ ដើម្បីបង្ការសកម្មភាពបង្ករឿងនានា ដែលនឹងអាចត្រូវ​ធ្វើ​ឡើង​ពី​សំណាក់ប្រទេសកូរ៉េខាងជើង។ នេះបើតាមការដកស្រង់ការផ្សាយចេញពីទីភ្នាក់ងារព័ត៌មានចិន ស៊ិនហួរ នៅយប់ថ្ងៃសុក្រ ទី០៣ ខែកុម្ភៈ ឆ្នាំ២០១៧។

បន្ទាប់ពីលោក James Mattis រដ្ឋមន្រ្តីការពារជាតិអាមេរិក និងលោក Han Min-Koo រដ្ឋមន្រ្តីការពារជាតិកូរ៉េខាងត្បូងបានបញ្ចប់កិច្ចពិភាក្សា​លើកដំបូងបំផុតរវាងលោកទាំងពីរនៅឯរដ្ឋធានីសេអ៊ូល មន្រ្តី​ជាន់​ខ្ពស់​មួយ​រូប​ នៃ​ក្រ​សួង​ការពារ​ជាតិ​កូរ៉េ​ខាង​ត្បូង​បាន​ថ្លែង​ប្រាប់​ក្រុម​អ្នក​សារ​ព័ត៌​មានថា លោករដ្ឋមន្រ្តីការពារជាតិនៃប្រទេសទាំងពីរ បានមូលមតិចំពោះការចាំបាច់ជាខ្លាំង​នៅឆ្នាំ២០១៧នេះ ក្នុងការធ្វើសមយុទ្ធយោធា «Key Resolve» និង «Foal Eagle​» ដែលមានទ្រង់ទ្រាយធំនិងសក្តានុពលជាងលើកមុនៗ ដើម្បីទប់ស្កាត់សកម្មភាពញុះញង់ណាមួយរបស់​ទីក្រុងព្យុងយ៉ាង។

សមយុទ្ធ «Key Resolve» ដែលជាការហ្វឹកហ្វាត់នៅក្នុងទីបញ្ជាការ និងសមយុទ្ធ «Foal Eagle» ដែលជាការហ្វឹកហ្វាត់នៅលើទីលាន​ហ្វឹក​​ហ្វឺន​ជាទូទៅតែងតែប្រព្រឹត្តទៅនៅចន្លោះខែមិនា និងខែមេសាជារៀងរាល់ឆ្នាំ ហើយរដ្ឋាភិបាលទីក្រុងព្យុងយ៉ាង បានថ្កោលទោសក៏ដូចជាចាត់ទុក​សមយុទ្ធទាំងពីរប្រភេទនេះថា គឺជាហាត់សម ដើម្បីត្រៀមខ្លួនធ្វើការឈ្លានពានទៅលើប្រទេសរបស់ខ្លួន។ ម៉្យាងវិញទៀតមានសេចក្តីរាយ​ការណ៍ថាសហរដ្ឋអាមេរិកអាចនឹងបញ្ជូននាវាផ្ទុកយន្តហោះចម្បាំងមួយគ្រឿង ព្រមទាំងយន្តហោះចម្បាំងដែលមានសមត្ថភាពទម្លាក់​គ្រាប់​បែកជាដើម។

គួរបញ្ជាក់បន្ទាប់ពីបានបំពេញទស្សនកិច្ចរយៈពេលពីរថ្ងៃនៅកូរ៉េខាងត្បូង លោករដ្ឋមន្រ្តីការពារជាតិអាមេរិក James Mattis បានចាកចេញ​ពីប្រទេសនេះ ហើយ​ធ្វើដំណើរទៅដល់ទឹកដីនៃប្រទេសជប៉ុនហើយ ដើម្បីបន្តដំណើរទស្សនកិច្ចរយៈពេលពីរថ្ងៃបន្ថែមទៀតនៅទីនោះ៕