(ប៉ារីស)៖ នៅក្នុងកិច្ចសន្ទនាតាមទូរស័ព្ទជាលើកដំបូង​រវាងរដ្ឋមន្ត្រីការបរទស​បារាំងលោក Jea Marc Ayrault និងរដ្ឋមន្ត្រីការបរទេស​អាមេរិក​ទើបឡើងកាន់​តំណែងក្តៅៗ​លោក Rex Tillerson ប្រទេសទាំងពីរ​បានបញ្ជាក់​ឡើងវិញ​ពីការចងសម្ព័ន្ធភាព​យ៉ាងជិតស្និទ្ធ ដើម្បីប្រយុទ្ធ​ប្រឆាំង​នឹងការគំរាមកំហែងនានា នៅទូទាំងពិភពលោក ជាពិសេសេគឺការកម្ចាត់ក្រុមភេរវកររដ្ឋអ៊ីស្លាម ISIS នៅប្រទេសអ៊ីរ៉ាក់ និងស៊ីរី។ នេះ​បើតាមការចេញផ្សាយ​ដោយទីភ្នាក់ងារព័ត៌មាន​ចិនស៊ិនហួរ នាព្រឹកថ្ងៃសៅរ៍ ទី០៤ ខែកុម្ភៈ ឆ្នាំ២០១៧។

សេចក្តីថ្លែងការណ៍ពីក្រសួងការបរទេសបារាំង បានឲ្យដឹងយ៉ាងដូច្នេះថា «នៅក្នុងកិច្ចសន្ទនាតាមទូរស័ព្ទ​រវាងប្រមុខការទូតទាំងពីររូប ប្រទេសទាំងពីរបានលើក ឡើងពីសារៈសំខាន់នៃទំនាក់ទំនងជាប្រវត្តិសាស្ត្រ​រវាងបារាំង និងសហរដ្ឋអាមេរិកដែលបានបង្កើត​ឡើង​ ដោយ​យោងទៅលើ​កិច្ចសហប្រតិបត្តិការ​​យ៉ាងស្អិតល្មួត​ជាពិសេសគឺការប្រយុទ្ធប្រឆាំងនឹង​អំពើ​ភេរវកម្ម​​ដើម្បីសន្តិសុខ»។ ប្រទេសទាំងពីរ​បានប្តេជ្ញារួមគ្នា​ប្រយុទ្ធប្រឆាំង​​នឹង​ក្រុមភេរវករ ISIS ដែលកំពុងលុកលុយ​ប្រទេស​អ៊ីរ៉ាក់ និងស៊ីរី។

គួរបញ្ជាក់ថាលោក Ayrault ក៏បានអញ្ជើញលោក Tillerson ឲ្យមកបំពេញទស្សនកិច្ចនៅទីក្រុងប៉ារីស​ក្នុងពេលឆាប់ៗខាងមុខនេះដែរ។ បន្ថែមពីខាងលើនេះទៀត ប្រមុខការទូតទាំងពីរបានសន្យារួមគ្នា​ដោះស្រាយបញ្ហានៅមជ្ឈិមបូព៌ា និងតំបន់ភាគខាងកើតអ៊ុយក្រែនជាដើម៕