(ម៉ិចស៊ីកូ)៖ ប្រទេសម៉ិចស៊ីកូ​បានប្រកាស​ចេញជាលើកដំបូងនូវវត្តមាន «ទារិកា​កើតមក​មានក្បាលតូច» ជាប់​ពាក់ព័ន្ធ​នឹងវីរុស Zika ដែលមានការវាយលុកខ្លាំងជាងគេនៅប្រទេសប្រេស៊ីល។ នេះបើតាម​សារព័ត៌មាន Channel News Asia ដកស្រង់ពី​បណ្តាញ Reuters នាព្រឹក​ថ្ងៃសៅរ៍ ទី០៤ ខែកុម្ភៈ ឆ្នាំ២០១៧។

ទារិកាខាងលើនេះកើតនៅថ្ងៃទី០៥ ខែវិច្ឆិកា ឆ្នាំ២០១៦ ហើយក៏បានស្លាប់ទៅវិញនៅថ្ងៃដែលកើតនោះ​តែម្តង។ នេះបើតាមសេចក្តីប្រកាសរបស់​ក្រសួងសុខាភិបាល​ម៉ិចស៊ីកូ។ គិតចាប់តាំងពី​ខែវិច្ឆិកា ឆ្នាំ២០១៥ រហូតដល់​ខែមករា ឆ្នាំ២០១៧នេះ ប្រទេសម៉ិចស៊ីកូ​បានកើតមាន​ករណី​ឆ្លងវីរុស Zika ចំនួន ៧.៦៣៤ករណី​ក្នុងនោះ​មានតែមួយ​ករណី​ខាងលើនេះ​ប៉ុណ្ណោះ ដែលធ្ងន់ធ្ងរជាងគេ​គឺទារិកាកើត​មកមាន​ក្បាលតូច។

គួរបញ្ជាក់ថា Zika ជាវីរុសមួយដែលមិនងាយ​បង្កឲ្យមនុស្ស​ស្លាប់នោះឡើយ ប៉ុន្តែបើវាកើត​ឡើងទៅលើ​ស្ត្រីមាន​ផ្ទៃពោះ​ដែលឆ្លងជំងឺនេះតាមរយៈមូសខាំនោះ នៅពេលទារកកើតមក​នឹងមាន​ក្បាល​តូច ហើយខ្សោយ​បញ្ញា​ស្មារតី​ជាទីបំផុត៕