(ព្យុងយ៉ាង)៖ មិនថាការផ្លាស់ប្តូរមេដឹកនាំថ្មីរបស់សហរដ្ឋអាមេរិក ឬការដាក់ទណ្ឌកម្មពីសំណាក់ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ សុទ្ធតែមិនអាចទាញទម្លាក់សេដ្ឋកិច្ច និងរារាំងការរីកចម្រើនវិស័យយោធារបស់ប្រទេស កូរ៉េខាងជើងបានឡើយ នេះជាការលើកឡើងរបស់សេដ្ឋវិទូ ម្នាក់ប្រចាំប្រទេសដ៏ឯកាមួយនេះ។

លោក Ri Gi Song អ្នកស្រាវជ្រាវប្រចាំវិទ្យាស្ថានសេដ្ឋកិច្ច បានប្រាប់ភ្នាក់ងារសារព័ត៌មាន CNN ថា ការដាក់ទណ្ឌកម្មនេះមិនបានផ្តល់ផលប៉ះពាល់អ្វី សូម្បីបន្តិចចំពោះវិស័យយោធារបស់រដ្ឋាភិបាលក្រុងព្យុងយ៉ាងឡើយ។

«ការដាក់ទណ្ឌកម្មគ្រប់រូបភាព ពិតជាមិនអាចទាញទម្លាក់ការអភិវឌ្ឍន៍កម្មវិធីនុយក្លេអ៊ែរ ឬគ្រាប់មីស៊ីលបានឡើយ»។ សេដ្ឋវិទូរូបនេះ បានបន្តថា «ផ្ទុយទៅវិញ យើងនឹងបន្តដើរទៅមុខកាន់តែលឿន យើងនឹងបង្កើនសមត្ថភាពលើវិស័យការពារជាតិ ដោយមានកម្មវិធីនុយក្លេអ៊ែរជាផ្នែកស្នូលដ៏សំខាន់មួយ»។

ឆ្លើយតបការដាក់ទណ្ឌកម្មនេះ កូរ៉េខាងជើងបានបញ្ជាក់ថា៖

* បន្តប្រកាន់ជំហរមិនអោនលំទោនចំពោះអាមេរិក៖
ក្នុងបទសម្ភាសន៍ជាមួយ CNN លោក Ri បានព្រមានដោយបើកចំហចំពោះសហរដ្ឋអាមេរិក និងសម្ព័ន្ធមិត្តក្នុងតំបន់ដែលព្យាយាមផ្តួលរំលំកូរ៉េខាងជើងថា «ពួកគេគួរតែធ្វើការពិចារណាឱ្យបានល្អិតល្អន់រាល់ទង្វើរបស់ខ្លួន ត្រូវទទួលស្គាល់ការពិតថា កូរ៉េខាងជើងបច្ចុប្បន្នបានក្លាយជាមហាអំណាចពេញលេញ លើវិស័យនុយក្លេអ៊ែរ និងយោធាប្រចាំតំបន់អាស៊ីបូព៌ាហើយ»។

ឆ្លើយតបចំពោះសំណួរពាក់ព័ន្ធនឹងរដ្ឋាភិបាលថ្មីរបស់លោក Donald Trup នោះ លោក Ri បានបញ្ជាក់ថា «វាមិនសំខាន់ថាតើប្រធានាធិបតីរូបណា ដែលកំពុងឈរជើងនៅសេតវិមាននោះឡើយ ដរាបណាសហរដ្ឋអាមេរិកនៅតែបន្តគោលនយោបាយបង្កហេតុជាមួយកូរ៉េខាងជើងនោះ»។

លោកបន្តថា «រដ្ឋាភិបាលថ្មីនៅតែព្យាយាមរក្សាគោលជំហរមួយ គឺធ្វើយ៉ាងណាឱ្យសហរដ្ឋអាមេរិក ក្លាយជាប្រទេសដ៏មានឥទ្ធិពលគ្របសង្កត់ទៅលើ ភូមិសាស្ត្រនយោបាយ ជាពិសេសគឺតំបន់អាស៊ីប៉ាស៊ីហ្វិក»។ «ជាក្រើនរំលឹកចំពោះរដ្ឋាភិបាលថ្មីនោះគឺ សូមធ្វើការពិចារណា និងមានការប្រុងប្រយ័ត្នខ្ពស់ រាល់ពេលដែលពួកគេដាក់ចេញនូវគោលនយោបាយថ្មីណាមួយប្រឆាំងកូរ៉េខាងជើង»។

លើសពីនេះទៅទៀត លោក Ri ក៏បានថ្លែងវាយប្រហារចំៗទៅលើរដ្ឋមន្ត្រីការពារជាតិអាមេរិក លោក James Mattis ដែលថ្មីៗនេះបានធ្វើទស្សនកិច្ច នៅប្រទេស កូរ៉េខាងត្បូង ដើម្បីពិភ្សាពីប្រព័ន្ធការពារគ្រាប់មីស៊ីល THAAD ដែលនឹងត្រូវបានផលិតឡើងដើម្បីទប់ទល់ នឹងគ្រាប់មីស៊ីលរបស់កូរ៉េខាងជើងនោះថា «ដំណើរទស្សនកិច្ច និងការប្តេជ្ញាចិត្តរបស់រដ្ឋមន្ត្រីការពារជាតិអាមេរិក ជាមួយនឹងប្រទេស កូរ៉េខាងត្បូង ជាការបញ្ឆេះកំហឹងជាខ្លាំងចំពោះប្រជាពលរដ្ឋ កូរ៉េខាងជើង»។

* យើងនឹងមិនបញ្ឈប់ជាដាច់ខាត៖
ថ្លែងក្នុងបទសម្ភាសន៍ផ្តាច់មុខជាមួយភ្នាក់ងារសារព័ត៌មាន CNN លោក Ri បានបញ្ជាក់ថា រដ្ឋាភិបាលនឹងបន្តពង្រឹងសមត្ថភាពនុយក្លេអ៊ែរដរាបណា សហរដ្ឋអាមេរិកនៅតែបន្តគោលនយោបាយបង្ករឿងប្រឆាំង នឹងកូរ៉េខាងជើង។ «ហេតុនេះយើងនឹងមិនបញ្ឈប់ជាដាច់ខាត យើងនឹងមិនដើរថយក្រោយ នោះឡើយ មិនតែប៉ុណ្ណោះយើងនឹងព្យាយាមបង្កើនល្បឿនលើសដើមទៅទៀត»។

យ៉ាងនេះក្តី លោក Joseph Bermudez អ្នកជំនាញទៅលើស្ថានភាពប្រទេសកូរ៉េខាងជើង បានបញ្ជាក់ថា ការដាក់ទណ្ឌកម្ម ពិតជាអាចបង្កផលប៉ះពាល់ ដល់កូរ៉េខាងជើងជាក់ជាមិនខាន។ «មហាអំណាចកំពុងធ្វើការទៅលើរឿងនេះ ពួកគេពិតជាអាចរារាំងដល់កម្មវិធីនុយក្លេអ៊ែរ និងគ្រាប់មីស៊ីលបាលីស្គីក របស់ប្រទេសកុម្មុយនីសមួយនេះបាន» នេះជាការលើកឡើងរបស់អ្នកវិភាគជាន់ខ្ពស់ លោក Joseph Bermudez ដែលជាអ្នកអង្កេតតាមដាន ទៅស្ថានភាពកូរ៉េខាងជើង។ លោកបានបន្តថា «ប្រសិនបើ គ្មានការដាក់ទណ្ឌកម្មទេនោះ យើងនឹងឃើញថា កម្មវិធីទាំងពីរនឹងកាន់តែមាន ភាពរីកចម្រើនជាងពេលបច្ចុប្បន្ន»។

* សេដ្ឋកិច្ចនៅតែបន្តអភិវឌ្ឍន៍៖
លោក Ri បានបញ្ជាក់ថា ការរឹតបន្តឹងទៅលើរបស់កូរ៉េខាងជើងពាក់ព័ន្ធនឹងការនាំចេញវត្ថុធាតុដើម ក្នុងនោះមានដូចជា ធ្យូងថ្មជាដើមក៏មិនបានរារាំងដល់កំណើន សេដ្ឋកិច្ចរបស់ប្រទេសនេះនោះដែរ។ លោកបានលើកឡើងដូចច្នេះថា«គោលការណ៍មូលដ្ឋាន នៃការនាំចេញវត្ថុធាតុដើមរបស់ប្រទេស កូរ៉េខាងជើង វារឿងធម្មតាមួយ យើងមិនមានបំណងចង់ជម្រុញការនាំចេញលើវត្ថុធាតុដើមដូចជាធ្យូងថ្មអីនោះទេ»។

«ជាលទ្ធផលនៃគោលការណ៍នេះ យើងមិនមានអារម្មណ៍ថា ទទួលរងនូវផលប៉ះពាល់ពីអ្វីដែលគេហៅថា ការរឹតបន្តឹងនេះនោះឡើយ»។ លោក Ri បន្តថាប្រទេស កូរ៉េខាងជើង នៅតែអាចរកចំណូលបានពីការនាំចេញផលិតផលបច្ចេកទេសទៅកាន់តំបន់អាស៊ី ក្នុងនោះមានដូចជា ប្រព័ន្ធគ្រប់គ្រងកុំព្យូទ័រ ឬវត្ថុធាតុដើមដែលកៃច្នៃរួចជាដើម»។

គួររំលឹកថា ការដាក់ទណ្ឌកម្មលើកចុងក្រោយរបស់ ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ ត្រូវបានធ្វើឡើងកាលពីខែវិច្ឆិកា ឆ្នាំ២០១៦កន្លងទៅនេះ បន្ទាប់ពីការបាញ់សាកល្បងនុយក្លេអ៊ែររបស់ប្រទេស កូរ៉េខាងជើងជាលើកទីប្រាំ។ មិនតែប៉ុណ្ណោះ ប្រទេសកុម្មុយនីសមួយនេះ បានបាញ់គ្រាប់មីស៊ីលបាលីស្គីគ កាលពីថ្ងៃអាទិត្យកន្លងទៅនេះ ដែលនេះជាការបាញ់សាកល្បងលើកដំបូង បន្ទាប់ពីប្រធានាធិបតីថ្មីរបស់សហរដ្ឋអាមេរិក លោក Donald Trump ឡើងកាន់អំណាចកាលពីខែមករាកន្លងទៅនេះ។

នាយករដ្ឋមន្ត្រីជប៉ុន លោក Shinzo Abe បានរិះគន់ទៅលើការបាញ់សាកល្បងទាំងនេះ ដោយចាត់ទុកថាជា «ទង្វើដែលមិនអាចទទួលយកបានឡើយ»។ មិនតែប៉ុណ្ណោះលោកបានជម្រុញការឆ្លើយតបយ៉ាងឆាប់រហ័សពីសំណាក់កូរ៉េខាងត្បូង ចិន និងរុស្ស៊ីទៅលើភាពព្រហើនរបស់កូរ៉េខាងជើង ក្នុងពេលធ្វើសន្និសិទ សារព័ត៌មានរួមគ្នាជាមួយលោក Donald Trump៕

បកប្រែ និងសម្រួលដោយ៖ អ៊ឹត ចណ្ណា