(ស៊ីដនី)៖ បន្ទាប់ពីបាន​ហោះឡើងតែបន្តិចប៉ុណ្ណោះ យន្តហោះឯកជន​ធុនតូចរបស់​ក្រុមហ៊ុន Beechcraft ដែល​មាន​ផ្ទុក​មនុស្ស​​ចំនួន​ប្រាំ​នាក់​​នៅ​លើ​នោះ បានធ្លាក់ទៅ​បុកនឹងផ្សារ​ទំនើប​មួយកន្លែង​ដែលស្ថិតនៅក្បែរ​អាកាសយានដ្ឋាន Essendon Fields ភាគខាងត្បូង​ទីក្រុង Melbourne ​ក្នុងរដ្ឋ Victoria នៃប្រទេសអូស្ត្រាលី ហើយអាជ្ញាធរ​នៅកន្លែង​កើតហេតុបានឲ្យដឹងថា​ អ្នកដំណើរ​លើយន្តហោះ​ពុំមាននរណា​​ម្នាក់​នៅរស់រាន​មានជីវិត​ឡើយ។ នេះបើតាម​​ការចេញផ្សាយ​​ដោយ​​សារព័ត៌មាន Channel News Asia នៅ​មុន​នេះ​បន្តិច​នា​ព្រឹក​​​ថ្ងៃ​អង្គារ ទី២១ ខែកុម្ភៈ ឆ្នាំ២០១៧។

ប្រភពព័ត៌មាន​ដដែល​បានឲ្យដឹងទៀតថា យន្តហោះខាងលើ​បានហោះចេញ​ពីអាកាសយានដ្ឋាន Essendon ដែលស្ថិតក្នុង​ទីក្រុង Melbourne នា​ម៉ោង​៩៖០០​នាទី​ព្រឹក​ថ្ងៃ​អង្គារ​នេះ (ម៉ោងក្នុងទីក្រុងស៊ីដនី) ដោយមាន​គោលដៅ​ធ្វើដំណើរឆ្ពោះទៅកាន់​កោះ King Island ដ៏មានប្រជាប្រិយ​ភាព​ដែល​មាន​​ទី​តាំង​ស្ថិត​នៅ​ក្បែរ​ឆ្នេរ​ភាគពាយ័ព្យ​នៃទីក្រុង Tasmania។ ក្រោយមក​បន្ទាប់ពីហោះចាកចេញ​ពីព្រលានយន្តហោះ​បានបន្តិច​យន្តហោះនោះក៏បានជួបប្រទះបញ្ហា​ម៉ាស៊ីនដ៏ធ្ងន់ធ្ងរ​មួយ ហើយបានធ្លាក់​ទៅបុកឃ្លាំងផ្ទុក​ទំនិញនៅឯផ្សារ​ទំនើប DFO និងធ្វើឲ្យមាន​ការផ្ទុះឆាបឆេះ​ឡើងយ៉ាង​ខ្លាំងក្លាតែម្តង។

គួរបញ្ជាក់ថា​បើយោងតាមអាជ្ញាធររដ្ឋ Victoria ផ្ទាល់មនុស្ស​ចំនួនប្រាំនាក់ដែលស្ថិត​នៅលើយន្តហោះនោះ ពុំនរណាម្នាក់បានរួចរស់ជីវិត​ពី​សោកនាដកម្ម​ដ៏អាក្រក់មួយនេះ​ឡើយ៕