(យូអិន)៖ អគ្គលេខាធិការ​នៃអង្គការសហប្រជាជាតិ​លោក Antonio Guterres បានសម្តែង​នូវទុក្ខក្រៀម​ក្រំបំផុត និងភ្ញាក់ភ្អើលជាខ្លាំងផងដែរ​នៅពេលបាន​ទទួលដឹងពីព័ត៌មាន​នៃការទទួល​មរណភាព​របស់​លោក Vitaly Churkin ដែលជាអ្នកតំណាងអចិន្រ្តៃយ៍​របស់ប្រទេសរុស្ស៊ីប្រចាំ​នៅស្ថាប័នកំពូលអន្តរជាតិ ដែលមានទីស្នាក់កាលនៅបុរីញូយ៉ក​សហរដ្ឋអាមេរិក។ នេះបើ​តាមការ​​​ចេញផ្សាយដោយ​ទីភ្នាក់ងារព័ត៌មាន​ចិន​ស៊ិនហួរ នៅមុននេះ​បន្តិច​នាព្រឹក​ថ្ងៃអង្គារ ទី២១ ខែកុម្ភៈ ឆ្នាំ២០១៧។

គួរបញ្ជាក់ថាលោក Vitaly Churkin ដែលមានមុខ​តំណែងជា​អ្នកតំណាងអចិន្រ្តៃយ៍​របស់ប្រទេស​រុស្ស៊ីប្រចាំនៅ​អង្គការសហប្រជាជាតិ​ចាប់តាំង​ពីឆ្នាំ២០០៦​មកម៉្លេះនោះ បានទទួល​មរណភាពដោយ​សារជំងឺគាំងបេះដូង​នៅក្នុងទីក្រុងញូយ៉ក​នាព្រឹកថ្ងៃចន្ទ​សប្តាហ៍នេះ (ពេលវេលា​នៅក្នុង​​សហ​រដ្ឋអាមេរិក) ក្នុងវ័យ៦៤ឆ្នាំ គឺត្រឹមតែមួយថ្ងៃ​ប៉ុណ្ណោះនៅមុនខួបកំណើត​ទី៦៥ឆ្នាំរបស់លោក។

ក្រៅពីប្រមុខអង្គការសហប្រជាជាតិ សហភាពអឺរ៉ុប សហរដ្ឋអាមេរិក និងបណ្តាប្រទេសជាមិត្តរុស្ស៊ីជាច្រើន​ទៀតក៏បានចូលរួមសម្តែងមរណទុក្ខ និងបានរំលឹកពីវីរភាព​ព្រមទាំងស្នាដៃជាច្រើន​ដែលតំណាងកំពូលរុស្ស៊ី​ខាងលើនេះ​សម្រេចបាន​ក្នុងតួនាទីរបស់​លោកផងដែរ៕