(​ម៉ានីល)៖ បណ្ដាប្រទេស​ជាសមាជិកសមាគម​ប្រជាជាតិ​អាស៊ីអាគ្នេយ៍ហៅកាត់​ថា ​អាស៊ាន យល់ថា ការតម្លើងប្រព័ន្ធសព្វាវុធរបស់ចិន​នៅក្នុងតំបន់​សមុទ្រចិនខាងត្បូង គឺជាក្ដី​កង្វល់​មួយ​និងចង់ទប់​ស្កាត់​ការធ្វើ​សកម្មភាព​យោធា ក៏ដូចជា​ជំរុញឱ្យ​ភាគីពាក់ព័ន្ធ​ទាំងអស់ រក្សាកិច្ច​សន្ទនា​ដើម្បីបញ្ជៀស​ការប្រឈមមុខ​ដាក់គ្នា។ នេះបើតាម​រដ្ឋមន្ត្រីការបរទេស​ហ្វីលីពីន លោក Perfecto Yasay ដកស្រង់​ដោយ​សារព័ត៌មាន Channel News Asia នៅរសៀលថ្ងៃអង្គារ ទី២១ ខែកុម្ភៈ ឆ្នាំ២០១៧។

យោងតាម​លោក Perfecto Yasay ក្រុមរដ្ឋមន្ត្រី​ការបរទេស​​អាស៊ានទាំង១០ បានសម្ដែងក្ដី​ព្រួយបារម្ភ​ជារួម​ស្ដីពីការ​ទាមទាររបស់ទីក្រុង​ប៉េកាំង និង​ការធ្វើសកម្មភាព​យោធា​នៅក្នុងតំបន់​ជម្លោះ។ ព្រមពេល​ជាមួយគ្នានេះ លោករដ្ឋមន្ត្រីមិនបានបញ្ជាក់​ឱ្យច្បាស់ថាតើបញ្ហាអ្វី​ជាក្ដីកង្វល់​ដ៏ធំបំផុត​នោះទេ គ្រាន់តែសង្ឃឹមថា​ ចិននិងសហរដ្ឋអាមេរិក​នឹងដើរតួនាទី​ការពារ​សនិ្តភាព និងស្ថេរភាព​នៅក្នុងតំបន់។

លោក Perfecto នៅក្រោយ​ជំនួបជាមួយ​សមាភាគី​អាស៊ាន បានលើកឡើង​ដូច្នេះថា «បណ្ដា​ប្រទេស​ជាសមាជិក​អាស៊ាន បានព្រមព្រៀងគ្នា​ជារួមក្នុងការបង្ហាញ​ក្ដីព្រួយបារម្ភ​ទាក់ទិន​នឹងការតម្លើង​ប្រព័ន្ធបរិក្ខា​យោធា ពីសំណាក់​ចិន​នៅឯតំបន់​ជម្លោះ ហើយនេះ​គឺជាអ្វី​ដែលពួកគេ​កំពុងមើលឃើញ​ថា ជាការធ្វើ​សកម្មភាព​យោធានៅ​ក្នុងតំបន់។ ពួកគេបាន​បង្ហាញក្ដី​ព្រួយបារម្ភ​យ៉ាងខ្លាំង​ចំពោះបញ្ហា​នេះ»

គួរបញ្ជាក់ថា​រដ្ឋាភិបាល​ទីក្រុងប៉េកាំង បានទាមទារ​ដែនអធិបតេយ្យ​ភាពស្ទើរតែទំាងស្រុង​លើតំបន់​សមុទ្រចិន​ខាងត្បូង រីឯប្រទេស​ជាភាគីជម្លោះ​ផ្សេងទៀត​ដូចជា វៀតណាម ហ្វីលីពីន តៃវ៉ាន់ ម៉ាឡេស៊ី និងព្រុយណេ ក៏បានទាមទារ​ចំណែកគ្រប់គ្រង​រៀងៗខ្លួន​ផងដែរ ខណៈជម្លោះ​នៅសមុទ្រចិន​ខាងត្បូង កំពុង​ធ្វើឱ្យពិភពលោក​ភ័យខ្លាចក្រែង បង្ក​ឱ្យជាការប៉ះ​ទង្គិចគ្នា​ដោយអាវុធ​រវាងចិន និងសហរដ្ឋអាមេរិក ឬក៏ជាមួយ​បណ្ដាប្រទេស​ជាភាគីជម្លោះ នៅថ្ងៃណា​មួយ៕