(ស៊ីដនី)៖ នាយករដ្ឋមន្រ្តី​អូស្រ្តាលី​លោក Malcolm Turnbull បានផ្តល់ការ​ប្តេជ្ញាយ៉ាងស្មោះស្ម័គ្រ​ចំពោះវិស័យ​ការពារជាតិ​ជាមួយ​អ៊ីស្រាអែល​​និងថែមទាំង​បាន​ធ្វើការរិះគន់​អង្គការ​សហប្រជាជាតិ ហើយបាន​សន្យាថា​នឹងមិនគាំទ្រ​លើសេចក្តីសម្រេច​ ឬមួយក៏​ដំណោះស្រាយ​ដែល​មាន​​ភាព​​លម្អៀង​ក្នុងការសំដៅ​អំពាវឲ្យ​បញ្ឈប់ការតាំងទី​លំនៅ​របស់អ៊ីស្រាអែល​នៅទឹកដីដែល​ស្ថិតក្រោមការ​កាន់កាប់របស់​ប៉ាឡេស្ទីន​នោះ​ឡើយ។ នេះ​បើ​តាម​​ការ​ចេញ​​ផ្សាយដោយ​សារព័ត៌មាន Channel News Asia នៅមុននេះ​បន្តិចនាព្រឹក​ថ្ងៃពុធ ទី២២ ខែកុម្ភៈ ឆ្នាំ២០១៧។

លោក Turnbull បានទទួល​ស្វាគមន៍​លោក Benjamin Netanyahu យ៉ាងកក់ក្តៅ​នៅថ្ងៃពុធសប្តាហ៍​នេះ (ពេលវេលា​ក្នុង​ទីក្រុងស៊ីដនី) ដោយ​​លោក Benjamin គឺនាយករដ្ឋ​មន្រ្តីអ៊ីស្រាអែល​ដំបូងគេបំផុត​ដែលបានធ្វើដំណើរ​ទស្សនកិច្ចមក​កាន់​ប្រទេស​អូស្រ្តាលី ហើយ​លោក Turnbull ក៏បានគូស​បញ្ជាក់សាជាថ្មី​ម្តងទៀត​អំពីការគាំទ្រ​យ៉ាងពេញទំហឹង​របស់អូស្រ្តាលី ចំពោះ​ដំណោះស្រាយរដ្ឋពីរ​សម្រាប់វិបត្តិ​រវាង​អ៊ីស្រាអែល​​ និងប៉ាឡេស្ទីន​ផងដែរ។

នៅក្នុង​ឱកាសនោះ​លោក Malcolm Turnbull បានបញ្ជាក់​យ៉ាងច្បាស់ថា​អូស្រា្តលីនឹង​ផ្តល់ការគាំទ្រ​ចំពោះដំណោះស្រាយ​ទាំងឡាយ​ដូចជា​ដំណោះស្រាយ​ដែលត្រូវបានដា​ក់​ចេញកាលពី​ខែធ្នូ ឆ្នាំ២០១៦​កន្លងទៅ​ដោយក្រុមប្រឹក្សា​សន្តិសុខ​នៃអង្គការសហប្រជាជាតិ​ជាដើម​នោះ​​ឡើយ ដោយវា​បានអំពាវនាវ​ឲ្យអ៊ីស្រាអែល​បញ្ឈប់ការតាំង​ទីលំនៅ​នៅលើដែនដី​ដែលត្រូវបានកាន់​កាប់ដោយ​ប៉ាឡេស្ទីន។

គួរបញ្ជាក់ថា​ដំណោះស្រាយ​របស់អង្គការសហប្រជាជាតិត្រូវ​បានអនុម័ត​កាលពីអំឡុងសប្តាហ៍​ចុងក្រោយ​នៃអាណត្តិ​របស់​អតីត​ប្រធានាធិបតី​​អាមេរិក​លោក បារ៉ាក់ អូបាម៉ា ដែលបាន​ឃ្លាតចេញពី​ទំនៀមទម្លាប់ដ៏​យូរលង់ណាស់​មកហើយនោះ​ក្នុងការការពារ​អ៊ីស្រាអែល​ជា​លក្ខណៈ​​ការ​ទូត​ ហើយបាន​ជ្រើសរើស​មិនប្រើប្រាស់អំណាចវ៉េតូ​របស់ខ្លួន៕