(គូឡាឡំាពួរ)៖ ម៉ាឡេស៊ី​បានស្នើឱ្យប៉ូលិស​អន្តរជាតិ​អាំងទែរប៉ូល ដាក់បុរស​ជាជនសង្ស័យ​កូរ៉េខាងជើង ០៤នាក់​ពាក់ព័ន្ធនឹងករណី​ឃាតកម្មលើ​លោក គីម ជុងណាំ នៅក្រោម​ការប្រកាស​អាសន្ន និងតាមចាប់ខ្លួន។ នេះបើតាមមេ​បញ្ជាការ​ប៉ូលិសម៉ាឡេស៊ី លោក Khalid Abu Bakar ដកស្រង់​ដោយ​សារព័តមាន Channel News Asia ​នៅរសៀលថ្ងៃព្រហស្បតិ៍ ទី២៣ ខែកុម្ភៈ ឆ្នាំ២០១៧។

បងប្រុសម្ដាយ​ទីទៃ​របស់​លោក គីម ជុងអ៊ុន ត្រូវបានគេ​ធ្វើឃាត នៅឯអាកាស​យានដ្ឋាន​អន្តរជាតិ​ទីក្រុង​គូឡាឡំាពួរ កាលពីសប្ដាហ៍មុន ហើយទីក្រុងវ៉ាស៊ីន​តោន ​និងទីក្រុង​សេអ៊ូល​​ជឿជាក់ថា​ទីភ្នាក់ងារ​ចារកិច្ច​កូរ៉េខាងជើង ជាអ្នកនៅ​ពីក្រោយអំពើឃាតកម្ម​ដ៏រសើបនេះ។ ដោយឡែក ថ្លែងប្រាប់​អ្នកសារព័ត៌មាន​នៅថ្ងៃព្រហស្បតិ៍នេះ លោក Abu Bakar បាននិយាយថា ស្ត្រីជាជន​សង្ស័យ ម្នាក់មាន​សញ្ជាតិវៀតណាម និងម្នាក់ឥណ្ឌូណេស៊ី​ដែលត្រូវបាន​ឃាត់ខ្លួន​កាលពី​សប្ដាហ៍មុន កំពុងជាប់​សង្ស័យថា​បានសម្លាប់លោក​ គីម ជុងណាំ ដោយប្រើប្រាស់​ថ្នាំបំពុល។

ក្នុងពេលជាមួយគ្នានេះទៀត លោក Abu Bakar បាន​បដិសេធក្នុងការបញ្ជាក់ថា​ តើស្ត្រីទំាង០២នាក់នេះ ធ្វើការឱ្យ​ភ្នាក់ងារចារកិច្ច​កូរ៉េខាងជើង ឬយ៉ាងណា​នោះ។ មេបញ្ជាការប៉ូលិសរូបនេះ​បន្ថែមថា «បើសិន​ជាអ្នក (កូរ៉េខាងជើង) មិនបាន​ធ្វើអ្វីខុស​ ឬគ្មានអ្វីត្រូវ​លាក់បំាង អ្នកមិនគួរខា្លច​កិច្ចសហប្រតិបត្តិការ​នោះឡើយ ដូច្នេះ​អ្នកគួរតែផ្ដល់​កិច្ចសហការ»

គួរបញ្ជាក់ថា​បច្ចុប្បន្នក្រៅពីជនសង្ស័យ​០៣នាក់ កំពុងជាប់ឃុំ​ប៉ូលិសម៉ាឡេស៊ី កំពុងស្វែងរក​មនុស្ស​០៧នាក់ នៅក្នុងក្របខ័ណ្ឌ​នៃការស៊ើបអង្កេត​ករណីឃាតកម្ម​លើលោក គីម ជុងណាំ។ ម្យ៉ាងវិញ​ទៀតមនុស្ស​០៣នាក់​ក្នុងចំណោម​អ្នកទំាង​០៧នាក់ មានម្នាក់ជា​មន្ត្រីទូតនៃស្ថាទូត​កូរ៉េខាងជើង ម្នាក់ជា​បុគ្គលិកក្រុមហ៊ុន​អាកាសចរណ៍​កូរ៉េខាងជើង និងបុរសម្នាក់​ផ្សេងទៀត ហើយដែល​អ្នកទំាងនេះ កំពុងស្ថិតនៅ​ក្នុងទីក្រុង​គូឡាឡំាពួរ។ ចំណែកឯ​ជនជាតិ​កូរ៉េខាងជើង​០៤នាក់ បានធ្វើ​ដំណើរទៅដល់​ទីក្រុង​ព្យុងយ៉ាង​វិញហើយ។ នេះបើតាម​ប៉ូលិស​ម៉ាឡេស៊ី៕