(បាកដាដ)៖ កងកម្លាំងសន្តិសុខ​អ៊ីរ៉ាក់គាំទ្រ​ដោយ​សហរដ្ឋអាមេរិក ដែលកំពុង​តែរុលទៅ​ក្បែរតំបន់​ភាគ​ខាងកើត​ទីក្រុងម៉ូស៊ុល​​ ដែលកាន់កាប់​ដោយ​​ក្រុម​រដ្ឋ​អ៊ីស្លាម ISIS ​នៅថ្ងៃព្រហស្បតិ៍នេះ​បានធ្វើការ​សំរុកចូល​ព្រលានយន្តហោះ​របស់ទីក្រុង​ដ៏ធំមួយ ព្រមទាំង​មូលដ្ឋានទ័ព​ដែលនៅ​ជិត​នោះ​មួយ​កន្លែង​​ទៀត បន្ទាប់ពី​បានវាយរំដោះ​តំបន់ភាគខាងកើត​នៃទីក្រុងម៉ូស៊ុលកាលពី​ខែមុន​។ នេះបើ​តាមការ​ចេញផ្សាយ​ដោយទីភ្នាក់ងារ​ព័ត៌​មាន BBC នៅមុននេះ​បន្តិចនារសៀល​ថ្ងៃព្រហស្បតិ៍ ទី២៣ ខែកុម្ភៈ ឆ្នាំ២០១៧។

យោងតាមអ្នក​នាំពាក្យកម្លាំង​សន្តិសុខប្រទេស​អ៊ីរ៉ាក់លោក Sabah al-Numan កងកម្លាំង​ប្រឆាំងអំពើ​ភេរវកម្ម CTS និងអង្គភាព​​ប្រតិកម្ម​រហ័ស​របស់​ក្រសួងមហាផ្ទៃ​អ៊ីរ៉ាក់​បានបើកប្រតិបត្តិការ​ដោយធ្វើការ​វាយសំរុក​ចូលទៅក្នុង​ព្រលានយន្តហោះ​ទីក្រុង​ម៉ូស៊ុល និងមូលដ្ឋាន​យោធា​ Ghozlani ដែលស្ថិត​នៅក្បែរនោះ ក្នុងគោលបំណង​បណ្តេញក្រុម ISIS ហើយយក​ទីតាំងដ៏សំខាន់ទាំងនេះ​​ធ្វើជា​មូលដ្ឋាន​ឈរជើង​​សម្រាប់​បន្ត​​ប្រតិបត្តិការ​​វាយរំដោះ​តំបន់ភាគខាងលិច​នៃទីក្រុងដ៏ធំ​ទីពីរបស់​ប្រទេសអ៊ីរ៉ាក់។

គួរបញ្ជាក់ថា​ព្រលានយន្តហោះ​ និងមូលដ្ឋានទ័ព​ខាងលើ​រួមមានទាំង​កន្លែងហ្វឹកហ្វាត់​ និងបន្ទាយ​អគារ​ជាច្រើនដែល​លាតសន្ធឹង​នៅតំបន់​មួយ​ក្បែរមហាវិធី​តភ្ជាប់​រវាងទីក្រុង​ម៉ូស៊ុល​ និងរដ្ឋធានី​បាកដាដ​នោះ បានធ្លាក់​ទៅក្នុង​កណ្តាប់ដៃ​អ្នកប្រយុទ្ធរដ្ឋ​អ៊ីស្លាម ISIS នៅពេល​ដែលពួកគេកាន់​កាប់ទីក្រុង​ម៉ូស៊ុល​កាលពីខែមិថុនា ឆ្នាំ២០១៤។ ដោយឡែកបន្ទាប់ពី​បានបើកប្រតិបត្តិការ​យោធា​ដ៏ក្តៅគគុក​អស់រយៈពេល​ជាច្រើនខែ រួម​ជា​មួយនិង​កងកម្លាំង​ចម្រុះជាង​១ម៉ឺននាក់ ក្រុមសកម្ម​ប្រយុទ្ធ ISIS ក៏បានខ្ទាត​ចេញពីតំប​ន់​ភាគខាងកើត​នៃទីក្រុងម៉ូស៊ុល​កាលពីខែ​មករា​​កន្លងទៅនេះ៕