(គូឡាឡំាពួរ)៖ កូរ៉េខាងជើង​បាននិយាយថា​ម៉ាឡេស៊ីកំពុង​ប្រកាន់ «ឥរិយាបថអមិត្ត» និងថែម​ទាំងព្រមាន​ដែរថា​ខ្លួននឹងតាម​ឃ្លំាមើល​អាកប្បកិរិយា​បែបនេះរបស់​ម៉ាឡេស៊ី នៅថ្ងៃអានាគត​។ នេះបើតាម​សេចក្ដីថ្លែងការណ៍​នៃគណៈកម្មាធិការ​ច្បាប់​នៃសភា​កូរ៉េខាងជើង ដកស្រង់​ដោយ​សារព័ត៌មាន Channel News Asia​ នៅរសៀល​ថ្ងៃព្រហស្បតិ៍ ទី២៣ ខែកុម្ភៈ ឆ្នាំ២០១៧។

សេចក្ដីថ្លែងការណ៍​ដដែល​បានឱ្យដឹងទៀតថា ក្រសួង​ការបរទេស​ម៉ាឡេស៊ី និងមន្ទីរពេទ្យ​រក្សាសព​របស់បុរស​ម្នាក់​ដែលគេជឿថា​ជាលោក គីម ជុងណាំ បានអះអាង​ថា លោកមាន​អាការៈមិន​ស្រួលខ្លួន នៅឯអាកាស​យានដ្ឋានអន្តរជាតិ​ទីក្រុង​គូឡាឡាំពួរ និងក្រោយមក​បានស្លាប់​ដោយសារ​គាំងបេះដូង នៅតាមផ្លូវបញ្ជូន​ទៅកាន់មន្ទីរពេទ្យ​កាលពី​ថ្ងៃទី១៣ ខែកុម្ភៈ។ ក៏ប៉ុន្តែផ្ទុយ​ទៅវិញ​ប្រព័ន្ធផ្សព្វផ្សាយ​កូរ៉េខាងត្បូង បែរជានាំ​គ្នាចុះផ្សាយ​ព័ត៌មាន​នេះខុស​ពីការពិត ដោយថា​លោក គីម ត្រូវបាន​គេបំពុលឱ្យ​ស្លាប់ ខណៈប៉ូលិស​សម្ងាត់​ម៉ាឡេស៊ី ក៏បាន​ចូលរួម​នៅក្នុងកិច្ចការ​បំផ្លៃព័ត៌មាន​ឱ្យកា្លយជា​ការពិតដូច​ទីក្រុង​សេអ៊ូល ចង់បាន ដែលប្រការនេះបាន​ធ្វើឱ្យរឿងរ៉ាវកាន់តែ​ស្មុគស្មាញ។

គួរបញ្ជាក់ថា​បើតាមសេចក្ដី​ថ្លែងការណ៍​ខាងលើ កូរ៉េខាងជើង​បានត្រៀមខ្លួន​រួចជាស្រេច​ដើម្បីចូល​រួម​នៅក្នុងការស៊ើប​អង្កេត​លើករណីឃាតកម្ម​លោក គីម ជុងណាំ ដែល​កូរ៉េខាងត្បូង និងសហរដ្ឋអាមេរិក​ជឿជាក់ថារបបដឹកនាំលោក គីម ជុងអ៊ុន ជាបញ្ជា​ឱ្យគេសម្លាប់​បងប្រុសរបស់​ខ្លួនឯង៕