(ម៉ានីល)៖ អធិរាជប្រដាល់សកលប្រចាំទ្វីបអាស៊ី Manny Pacquiao ត្រៀមឡើងការពារខ្សែក្រវាត់ទម្ងន់មធ្យម WBO ជាលើកទី១ របស់ខ្លួននាពេលដ៏ខ្លីខាងមុខនេះ ដោយត្រូវជួបកីឡាករជនជាតិអង់គ្លេស Amir Khan នេះបើយោងតាមសារព័ត៌មាន BBC ចេញផ្សាយឲ្យដឹងនៅថ្ងៃព្រហស្បតិ៍ ទី២៣ ខែកុម្ភៈ ឆ្នាំ២០១៧។

ទាំងម្ចាស់ខ្សែក្រវាត់ WBO វ័យ៣៨ឆ្នាំ Pacquiao និងគូប្រជែងវ័យ ៣០ឆ្នាំ Amir Khan សុទ្ធតែបានព្រមព្រៀងគ្នារួច អស់ហើយ នៅរង់ចាំតែគណៈកម្មការផ្គូផ្គង និងរៀបចំការប្រកួតតែប៉ុណ្ណោះ ដើម្បីធ្វើឲ្យជំនួបជាលើកទី១ប្រវត្តិរបស់អ្នក ទាំងពីរកើតមានឡើង ខណៈដែល Pacquiao បានសរសេរនៅលើ Facebook ផ្ទាល់ខ្លួនថា «ក្រុមការងារ រួមទាំងខ្ញុំ កំពុងតែចរចាគ្នាពីការឡើងវាយទល់នឹង Amir Khan ដែលអាចនឹងកើតមានឡើងឆាប់ៗនេះ»

ទន្ទឹមគ្នានោះ នៅថ្ងៃដដែល Amir Khan ក៏បានលើកឡើងដូចម្ចាស់ខ្សែក្រវាត់ខាងលើដែរ ហើយនឹងមកដល់នាពេល ឆាប់ៗនេះ សូមចូលរួមទស្សនាឲ្យបានច្រើនកុះករ។

សូមបញ្ជាក់ផងដែរថា ប្រសិនបើអាចកើតឡើងមែននោះ នេះជាការប្រកួតលើកឡើងទី២ របស់ស្តេចប្រដាល់សកល ពិភពលោក ជនជាតិហ្វីលីពីន បន្ទាប់ពីលើកទី១ បានផ្តួលជើងខ្លាំងអាមេរិក Jessie Vargas ដណ្តើមបានខ្សែក្រវាត់ WBO កាលពីដើមខែវិច្ឆិកា ឆ្នាំ២០១៦ ក្រោយពេលសម្រេចឡើងសង្វៀនវិញ ពីការប្រកាសចូលនិវត្តន៍កាលពីខែមេសា ដោយមានប្រវតិ្តប្រកួតបាន ៦៧ដង ឈ្នះ៥៩ដង ស្មើ២ដង និងចាញ់៦ដង ដោយធ្លាប់ផ្តួលដៃគូឲ្យសន្លប់នៅលើសង្វៀនបាន ៣៨ដង។

ចំណែកកីឡាកររបស់ចក្រភពអង់គ្លេស Amir Khan ក៏មិនធម្មតាដែរ ដោយធ្លាប់ផ្តួលដៃគូឲ្យសន្លប់នៅលើសង្វៀនបាន ១៩ដង ក្នុងចំណោមជ័យជំនះសរុប៣១ដងរបស់គេ និងចាញ់តែ៤ដងគត់ ពីប្រវត្តិឡើងវាយសរុបបានចំនួន ៣៥ប្រកួត នាពេល កន្លងមក ដែលមានវ័យទើបតែ៣០ឆ្នាំប៉ុណ្ណោះ៕