(វ៉ាស៊ីនតោន)៖ ប្រធានាធិបតី​អាមេរិក លោក ដូណាល់ ត្រំាបាននិយាយថា​លោកពិតជា​ខឹង​សម្បារ​យ៉ាងខ្លំាង​ចំពោះ​​ការបាញ់​សាកល្បង​​មីស៊ីលផ្លោង ពីសំណាក់​​កូរ៉េខាងជើង​​នៅពេលថ្មីៗ​នេះ ហើយថា​ស្ថានភាព​​ឧបទ្វីបកូរ៉េ​​បច្ចុប្បន្ន​​កំពុងស្ថិតនៅ​​ក្នុងភាពគ្រោះថា្នក់ ប៉ុន្តែ​ព្រមពេល​ជា​មួយគ្នា លោកបានវាយ​តមៃ្ល​ថា​​ចិនអាចដោះស្រាយ​បញ្ហា​ជាមួយ​ទីក្រុងព្យុងយ៉ាង​​បានយ៉ាង​​ងាយស្រួល​បើសិនជា​ចិន​ចង់ធ្វើវា ហើយ​សម្រាប់គំរោង​​អង្គុយតុចរចា​រវាងអាមេរិក-កូរ៉េខាងជើង​​គឺហួសពេល​ហើយ។ នេះ​បើ​តាម​ការ​ចេញផ្សាយ​​ដោយ​ទីភ្នាក់ងារ​សារព័ត៌មាន​​ យ៉ុនហាប់ នៅព្រឹកថ្ងៃសុក្រ ទី២៤ ខែកុម្ភៈ ឆ្នាំ២០១៧។

ថ្លែងនៅក្នុង​បទសម្ភាសន៍​ជាមួយទីភ្នាក់ងារ​សារព័ត៌មាន Reuters​ លោក​ ត្រាំ បានបញ្ជាក់ថា សហរដ្ឋអាមេរិក​មានជំរើស​ជាច្រើន ​ក្រៅពីការដាក់ពង្រាយ​ប្រព័ន្ធខែល​ការពារ​មីស៊ីល THAAD ដើម្បីទប់ទល់​នឹង​ការគំរាមកំហែង​ពីកូរ៉េខាងជើង។ មិនតែប៉ុណ្ណោះ​លោកក៏បាន​សាទរ​ផងដែរ ចំពោះ​ការសម្រេច​ចិត្តរបស់ទីក្រុង​ប៉េកាំង ក្នុងការផ្អាកនំា​ចូលធ្យូងថ្ម​ពីទីក្រុង​ព្យុងយ៉ាង ក៏ប៉ុន្តែ​ប្រធានាធិបតី​អាមេរិករូបនេះ នៅតែយល់ថា​វាមិនទាន់​គ្រប់គ្រាន់​នៅឡើយ​ទេ ពោលគឺ​ចិនត្រូវ​តែដាក់​សម្ពាធឱ្យកាន់តែ​ខ្លំាងជាង​នេះលើ​របបដឹកនាំ​លោក គីម ជុងអ៊ុន។

គួររំលឹកថា​នៅអំឡុងសន្និសីទសារព័ត៌មាន​រួមគ្នាជាមួយ​នាយករដ្ឋមន្រ្តី​កាណាដា លោក ចាស្ទីន ឌ្រូដូ កាលពី​ថ្ងៃទី១៣ ខែកុម្ភៈ លោក ដូណាល់ ត្រាំ បានចាត់ទុក​កូរ៉េខាងជើងគឺជា​បញ្ហាដ៏ធំ និងសំខាន់​បំផុត ដែលគួរ​ត្រូវបាន​ដោះស្រាយ​ដោយប្រើធម៌ក្ដៅ​នៅក្នុងករណី​ចាំបាច់​ជាមួយនឹង​ការប្ដេជ្ញាចិត្តថា កិច្ចការពារ​ការគំរាម​កំហែងដោយមីស៊ីល និងអាវុធនុយក្លេអ៊ែរកូរ៉េខាងជើង គឺជាអាទិភាពនៃរដ្ឋបាល​របស់លោក៕