(តូក្យូ)៖ ភរិយា​របស់​នាយករដ្ឋមន្រ្តី​ជប៉ុនលោក ស៊ីនហ្សូ អាបេ បានកាត់​ផ្តាច់ទំនាក់​ទំនង​ទាំងអស់ភ្លាមៗ​ជាមួយសាលាបឋម​សិក្សាមួយ ដែល​​អ្នក​គ្រប់គ្រងសាលានេះ​​កំពុងទទួលរង​ការរិះគន់​យ៉ាង​ខ្លាំងក្លា ដោយសារ​ការទិញយក​ដីរដ្ឋក្នុង​តម្លៃ​ដ៏ទាប នៅចំពោះ​មុខការពុះ​កញ្រ្ចោល​ឡើងយ៉ាង​​ក្តៅគគុក​នៃកំហឹង​របស់​សាធារណជន ដែលបាននិងកំពុង​អភិវឌ្ឍន៍​ទៅជា បញ្ហា​នយោបាយ​ដ៏គួរឲ្យឈឺក្បាល​មួយសម្រាប់​លោក អាបេ ផ្ទាល់។ នេះបើ​តាមការ​ចេញផ្សាយ​ដោយ​សារព័ត៌មាន Channel News Asia នៅមុននេះ​បន្តិចនាព្រឹក​ថ្ងៃសុក្រ ទី២៤ ខែកុម្ភៈ ឆ្នាំ២០១៧។

សាលារៀន Moritomo Gakuen ដែលជា​វិទ្យាស្ថានអប់រំ​មួយកន្លែង​នៅទីក្រុង​អូសាកា (Osaka) ភាគខាងលិច​ប្រទេស​ជប៉ុន នឹង​បើក​​សម្ពោធ​​សា​លា​​បឋម​សិក្សា​​មួយ​​កន្លែង​នៅក្នុងខែមេសា​ខាងមុខនេះ ដោយគ្រោង​អញ្ជើញ​លោកស្រី អាគី អាបេ (Akie Abe) ធ្វើជានាយិកា​កិត្តិយស។ ដោយឡែក​លោក ស៊ីនហ្សូ អាបេ ដែល​បានទទួលរង​ការរិះគន់​ដោយសារ​បញ្ហានេះ​ផងដែរនោះ​បានលើក​ឡើងថា ភរិយា​របស់លោក​ធ្លាប់​បាន​​ព្យាយាម​បដិសេធ​ចំពោះសំណើ​នៃតួនាទី​ជានាយិកា​កិត្តិយស​នេះ ប៉ុន្តែបាន​ទទួលយល់ព្រម​វិញបន្ទាប់ពី​វាត្រូវបានប្រកាស​នៅចំពោះមុខ​មាតា​បិតា​សិស្ស។

យ៉ាងណា​មិញ​លោកនាយករដ្ឋមន្រ្តី​ជប៉ុន​បានគូសបញ្ជាក់​វិញថា ទោះជាបែបនេះក្តី​លោកស្រី អាគី អាបេ បានសម្រេចចិត្ត​ថា​វា​នឹង​ជះ​​ផល​ប៉ះ​ពាល់​​​មិនល្អ​នោះ​ឡើយ ដល់សិស្សា​នុសិស្ស​ព្រមទាំង​មាតាបិតា​សិស្សផ្ទាល់ បើសិនជា​លោកស្រី​នៅតែបន្ត​ពាក់ព័ន្ធ​ក្នុងរឿងនេះទៀត​ដូច្នេះ​ហើយ​​លោកស្រី អាគី បានប្រាប់ពួកគេថា លោកស្រី​នឹងលាលែងពី​តំណែង​នេះវិញ។ នៅលើ​គេហទំព័រ​របស់សាលាបឋមសិក្សា​ខាងលើ​​លោក​ស្រី អាគី បាននិយាយ​ថា «ខ្ញុំមានការ​ភ្ញាក់ផ្អើល​ជាខ្លាំងចំពោះទឹក​ចិត្ត​របស់​លោក Yasunori Kagoike សម្រាប់​វិស័យ​អប់រំ ហើយខ្ញុំ​ក៏បាន​ទទួល​​យកតំណែង​ជា​នាយិកា​កិត្តិយស​តាមសំណើ​ផងដែរ» ប៉ុន្តែការ​អធិប្បាយនេះ​ត្រូវបានដកចេញ​វិញ​នៅថ្ងៃព្រហស្បតិ៍​សប្តាហ៍នេះ​តាមការទាម​ទារ​របស់​លោកស្រី។

គួរបញ្ជាក់ថា​វិទ្យាសា្ថន Moritomo Gakuen ដែលមាន​អគ្គនាយក​ជាបុគ្គលមាន​ទំនាក់ទំនង​ជិតស្និទ្ធ​ជាមួយ​លោក ស៊ីនហ្សូ អាបេ និងភរិយា​ក៏ដូចជា​គណៈរដ្ឋមន្រ្តី​ជប៉ុនផងដែរ​នោះ កាលពី២០១៦​កន្លងទៅ​បានទិញដី​របស់រដ្ឋាភិបាល​ទំហំ ៨,៧៧០​ម៉ែត្រ​ក្រឡា ​នៅក្នុងតម្លៃ​ដ៏ទាបគឺ​ត្រឹម​ ១៣៤លានយ៉ែន ដែលស្មើនឹង​១.២លានដុល្លារ​អាមេរិកតែ​ប៉ុណ្ណោះ ដើម្បីសាងសង់​សាលាបឋម​សិក្សាថ្មីមួយ ខណៈលោក​នាយករដ្ឋ​មន្រ្តី​ជប៉ុនបាន​បដិសេធថា​រូបលោករួម​និងភរិយា​គ្មានការ​ជាប់ពាក់ព័ន្ធ​នៅក្នុងការទទួល​បានសិទ្ធិ​អនុញ្ញាត​ឬមួយ​ការទិញដូរ​ដីធ្លីជាកម្មសិទ្ធិ​រដ្ឋ​​របស់សាលាមួយ​នេះឡើយ៕