(អាមេរិក)៖ ទីភ្នាក់ងារអវកាស​ណាសា (NASA) យល់ថា សិរីរាង្គមានជីវិត​ក្រៅភព​ប្រហែលជាកំពុង​លាក់ខ្លួននៅ​លើព្រះច័ន្ទ​ដ៏សែនត្រជាក់ដូច​ទឹក​កក យូរ៉ូប៉ា (Europa) របស់ភព​ព្រហស្បតិ៍ ហើយ NASA កំពុងរៀបចំគំរោង​បញ្ជូន​យានអវកាស​មួយគ្រឿង​ដើម្បីឲ្យទៅស្វែង​រកពួកវា នៅអំឡុងទសវត្សរ៍​ឆ្នាំ២០២០​ខាងមុខ។ នេះបើតាម​ការចេញ​ផ្សាយ​ដោយ​សារព័ត៌មាន World Net Daily នៅព្រឹកថ្ងៃសៅរ៍ ទី២៥ ខែកុម្ភៈ ឆ្នាំ២០១៧។

នាពេលថ្មីៗ​កន្លងទៅនេះ​អង្គការ NASA បានធ្វើប្រកាស​សេចក្តីប្រកាស​អំពីគោលដៅ​សំខាន់ៗ​ចំនួនបី សម្រាប់បេសកកម្ម​រុករកថ្មី​ខិតជិតចូល​មកដល់​របស់ខ្លួន​នៅលើព្រះច័ន្ទយូរ៉ូប៉ា​រួមមាន ការវាយ​តម្លៃ​ទៅលើ​លទ្ធភាព​​ដែលអាចទ្រទ្រង់​ភាវៈជីវិតរបស់​យូរ៉ូប៉ា តាមរយៈការវិភាគ​ផ្ទាល់​លើ​រូបធាតុផ្សេងៗ​​នៃផ្ទៃរបស់​ព្រះច័ន្ទ​ទឹកកកមួយនេះ និងដើម្បីកំណត់​បុគ្គលិក​លក្ខណៈនៃផ្ទៃខាងលើ និងផ្ទៃ​ស្រទាប់​ខាង​ក្រោម​ផ្សេងទៀត​របស់វា ក្នុងគោល​បំណងផ្តល់​ការគាំទ្រដល់​បេសកកម្មរុករក​ដោយប្រើប្រាស់​គ្រឿងយន្ត​នាពេលអនាគត​នៅលើព្រះច័ន្ទយូរ៉ូប៉ា​រួមទាំងមហាសមុទ្រ​របស់វា។ ​ប៉ុន្តែសម្រាប់​គោលដៅ​ចម្បងរបស់​បេសកម្មថ្មីនេះវិញ​នោះ គឺទៅស្វែង​រុករកភស្តុតាង​នៃភាវៈមានជីវិត​នៅលើព្រះច័ន្ទយូរ៉ួប៉ា។

គួរបញ្ជាក់ថា​យោងតាមទីភ្នាក់ងារ​អវកាស NASA ព្រះច័ន្ទយូរ៉ូប៉ា ស្ថិតក្នុង​ចំណោមគោលដៅ​​ចម្បងៗ​នៃការស្វែង​រកជីវិតក្រៅភពនាពេលបច្ចុប្បន្ន​ក្រៅពីភពផែនដី នៅក្នុងប្រព័ន្ធ​ព្រះអាទិត្យ​របស់យើង។ ជាទី​តាំងមួយដែលមានទឹក ដូច្នេះការបង្ហាញវត្តមាននៃភាវៈមានជីវិតក្នុងទម្រង់ណាមួយនោះ ប្រាកដជាបង្កការ​ភ្ញាក់ផ្អើលមិនតិចនោះឡើយ​សម្រាប់មនុស្ស​នៅថ្ងៃអនាគត៕