(កូឡាឡាំពួរ)៖ ប៉ូលិសម៉ាឡេស៊ី អាចនឹងឃាត់ខ្លួនមន្ត្រីទូតកូរ៉េខាងជើងម្នាក់ បើសិនជារូបគេមិនបង្ហាញខ្លួនតាមឆន្ទៈ ឬក៏មិនធ្វើកិច្ចសហការ ក្នុងពេលឆាប់ៗនេះជាមួយអាជ្ញាធរ លើសំណុំរឿងឃាតកម្មលោក គីម ជុងណាំ ទេនោះ។ នេះបើតាមមេបញ្ជាការប៉ូលិសរដ្ឋ Selangor លោក អាប់ឌុល សាម៉ាស់ ម៉ាត់ (Abdul Samah Mat ) ដកស្រង់ដោយសារព័ត៌មាន Sputnik​ នៅថ្ងៃអាទិត្យ ទី២៦ ខែកុម្ភៈ ឆ្នាំ២០១៧។

ក្រុមមន្ត្រីប៉ូលិសម៉ាឡេស៊ី បានឱ្យដឹងថា បើសិនជាលោក យ៉ុន ក្វាងសុន (Hyon Kwang-song) មានអាយុ៤៤ឆ្នាំ ជាលេខាធិការទី២ បម្រើការងារនៅក្នុងស្ថានទូតកូរ៉េខាងជើង ប្រចំាទីក្រុងគូឡាឡំាពួរ មិនបង្ហាញខ្លួនតាមសំណើទេនោះ ប៉ូលិសនឹងចេញបទបញ្ជាពិសសេសមួយ ឱ្យលោកចូលបំភ្លឺ។ « បើសិនជាគាត់ (លោក ក្វាងសុន) បដិសេធនឹងសំណើរបស់យើង នោះយើងអាចនឹងស្នើសុំដីកា ចាប់ខ្លួនពីតុលាការ»។ នេះបើតាម លោក អាប់ឌុល សាម៉ាស់ ម៉ាត់។ តែទោះជាយ៉ាងណា លោក ក្វាងសុន មានអភ័យឯកសិទ្ធិក្នុងនាមជាមន្ត្រីទូត ដូច្នេះគេមិនទាន់ប្រាកដ នៅឡើយទេ ថាលោកនឹងត្រូវប៉ូលិសចាប់ខ្លួន ឬយ៉ាងណា?

គួរបញ្ជាក់ថា បច្ចុប្បន្នម៉ាឡេស៊ី កំពុងតាមរកជនជាតិកូរ៉េខាងជើង៤នាក់ ដែលគេជឿជាក់ថា បានធ្វើដំណើរទៅដល់ទីក្រុងព្យុងយ៉ាង ខណៈជនជាតិ កូរ៉េខាងជើងម្នាក់ កំពុងជាប់ឃុំ និងពីរនាក់ផ្សេងទៀត ក្នុងនោះមានទំាងលោក យ៉ុន ក្វាងសុន កំពុងស្ថិតនៅក្នុងទីក្រុងគូឡាឡាំពួរ៕