(វ៉ាស៊ីនតោន)៖ ប្រធានាធិបតី​អាមេរិក លោក ដូណាល់ ត្រាំ នឹងត្រូវថ្លែងសារ​នៅចំពោះមុខ​សភា​អាមេរិក នៅយប់ថ្ងៃអង្គារ​សប្តាហ៍នេះ (ពេលវេលានៅទីក្រុងវ៉ាស៊ីនតោន) ខណៈ​លោកផ្ទាល់​កំពុងទទួលរង​ការរិះគន់​យ៉ាងខ្លាំង សម្រាប់​ការប្រើពាក្យ​សម្ដីធ្ងន់ៗ​ទៅលើបណ្ដាញ​ផ្សព្វផ្សាយ​ព័ត៌មាន និង ស្ថិតនៅ​ក្រោមក្រសែភ្នែក​នៃប្រជាជនអាមេរិក ដោយសារ​តែពាក្យសម្ដី​ក៏ដូចជាអាកប្បកិរិយា​របស់​លោក។ នេះបើតាម​ការចេញផ្សាយ​ដោយសារ​ព័ត៌មាន Channel News Asia​ នៅព្រឹកថ្ងៃចន្ទ ទី២៧ ខែកុម្ភៈ ឆ្នាំ២០១៧។

ជុំវិញបញ្ហានេះ​ដែរ​ថ្លែងទៅកាន់អ្នក​សារព័ត៌មាន អ្នកនាំពាក្យ​សេតវិមាន លោក Sean Spicer បានលើក​ឡើងថា «ខ្ញុំគិតថានេះ​គឺជាឱកាសមួយ​សម្រាប់លោក (លោក ត្រាំ) ដើម្បីបង្ហាញ​ពី​ចក្ខុវិស័យ​វិជ្ជមាន​សម្រាប់​ប្រជាជាតិ និងឱ្យយើង​ទំាងអស់គ្នា​ដឹងឱ្យច្បាស់ថា​កន្លែងណា​យើងត្រូវទៅ ហើយត្រូវ​ធ្វើដូចម្ដេច​ទើបអាច​ទៅដល់គោលដៅ​របស់​យើង ព្រមទាំង​សក្ដានុពល​ដែលយើងមាន​ក្នុងនាមជា​ប្រជាជាតិមួយ​ដ៏ខ្លាំង»

គួររំលឹកថា​កាលពីថ្ងៃទី២០ ខែមករា ជាថ្ងៃលោក ដូណាល់ ត្រាំ ស្បថ​ចូលកាន់​តំណែងជា​ប្រធានាធិបតី​អាមេរិក លោកធ្លាប់បាន​ប្រើប្រាស់ពាក្យ សម្ដី​ធ្ងន់ៗរិះគន់​ទៅលើបណ្ដាញ​សារព័ត៌មាន​នៅក្នុងស្រុក។ ដូច្នេះការ​ថ្លែងសារ​របស់លោក ត្រាំ នៅពេលនេះ ត្រូវបានប្រជាជន​អាមេរិកតាមដាន​យ៉ាងយកចិត្ត​ទុកដាក់ និងជារឿងដែលគួរឲ្យចាប់អារម្មណ៍ខ្លាំងផងដែរ៕