(គូឡាឡាំពួរ)៖ របាយការណ៍ថ្មី​របស់ក្រុមប៉ូលិស​ស៊ើបអង្កេត​ពិសេស​របស់​ម៉ាឡេស៊ី និងតាមការ​ធ្វើកោសល្យ​វិច័យ​ពីមន្ទីរពេទ្យ​បានឲ្យ​ដឹងថា លោក គីម ជុងណាំ បងប្រុស​មេដឹកនាំ​កំពូលកូរ៉េខាងជើង​លោក គីម ជុងអ៊ុន បានទទួល​រងការ​ឈឺចាប់រយៈពេល​តែ ២០នាទីប៉ុណ្ណោះ ក្រោយ​ស្ត្រីពីរនាក់​​ធ្វើការបាញ់​ថ្នាំពុល VX នៅចំ​ផ្ទៃ​មុខ​របស់លោក ហើយលោក​បានក៏ទទួលមរណៈ​ភាព​តែម្តង។ នេះបើតាម​ការដកស្រង់​ព័ត៌មានពី Channel News Asia នាព្រឹក​ថ្ងៃចន្ទ ទី២៧ ខែកុម្ភៈ ឆ្នាំ២០១៧។

រដ្ឋមន្ត្រី​សុខាភិបាល​ម៉ាឡេស៊ីលោក Subramaniam បានប្រាប់ក្នុង​សន្និសីទសារព័ត៌មាន​ថា «អ្វីដែល​ក្រុមស៊ើប​អង្កេតបាន​រកឃើញនោះ គឺមាន​ការជាប់ពាក់ព័ន្ធ​នឹងការស្លាប់របស់​បងប្រុសមេដឹកនាំ​​កូរ៉េខាងជើង ដែលត្រូវបាន​សម្លាប់ជាមួយ​នឹងសារធាតុពុល VX រាវ។ លោក គីម បានស្លាប់​នៅក្នុង​រថយន្ត​សង្គ្រោះ ហើយលោក​មានការឈឺចាប់ខ្លាំង​ណាស់នៅក្នុង​បន្ទប់គ្លីនិក។ ចាប់ពីពេល​ដែល​លោក​ត្រូវ​បានបំពុលនោះ គឺលោកបាន​ស្លាប់បន្ទាប់ពី​រយៈពេល ១៥នាទី ទៅ២០នាទីប៉ុណ្ណោះ។ គេត្រូវការ​​សារធាតុ VX តែ ១០មីលីក្រាមប៉ុណ្ណោះ​ដែលអាចជ្រៀតចូល​ក្នុងរាវកាយបាន​យ៉ាងសាហាវ»

គួរបញ្ជាក់ថា​មកទល់នឹងពេលនេះ អាជ្ញាធរម៉ាឡេស៊ី​នៅតែអំពាវនាវ​ឲ្យមន្ត្រីទូតកូរ៉េខាងជើង​ធ្វើការសហការ​គ្នាក្នុង​ការស៊ើបអង្កេត ប៉ុន្តែកូរ៉េខាងជើង​មិនព្រមនោះឡើយ ដោយបាន​ចោទម៉ាឡេស៊ីកំពុងតែ​បង្កើតរឿង​​ទាំងឡាយឡើងមក ដោយរួមគំនិត​ជាមួយ​កូរ៉េខាងត្បូង ហើយអ្នកស្លាប់នោះ​គឺមិនមែនជា​លោក គីម ជុងណាំ នោះឡើយ។ ទោះបីជាបែប​នេះក្តី អាជ្ញាធរម៉ាឡេស៊ី​ធ្លាប់បានព្រមាន​កាលពីសប្តាហ៍មុននេះ​ថា​នឹងប្រើប្រាស់​កម្លាំងបង្ខំមន្ត្រីទូត​រូបនោះឲ្យរួមសហការ​ប្រសិនបើគ្មានជម្រើស​អ្វីទៀត៕