(វ៉ាស៊ីនតោន)៖ អតីតប្រធាន​ទីភ្នាក់ងារស៊ើបការណ៍​សម្ងាត់ CIA របស់សហរដ្ឋអាមេរិក​​បានលើក​ឡើងថា គ្រប់សញ្ញា​ទាំងអស់បាន​​ចង្អុល​បង្ហាញ​យ៉ាង​ច្បាស់​ថា​ ​រដ្ឋា​ភិបាល​​ទីក្រុង​​ព្យុង​យ៉ាង គឺជា​អ្នក​នៅ​ពី​ក្រោយ​​ខ្នង​នៃ​ការ​លួច​​ធ្វើ​ឃាតលោក គីម ជុងណាំ ដែល​ត្រូវ​​ជា​បង​ប្រុស​​ម្តាយ​ទី​ទៃ​​របស់​មេ​ដឹក​នាំ​​កូរ៉េ​ខាង​ជើង​​លោក គីម ជុងអ៊ុន បន្ទាប់ពី​ប្រទេសម៉ាឡេស៊ី​បានកំណត់ថា​ អាវុធគីមី​ដែលគេហាមឃាត់ ត្រូវបាន​ប្រើប្រាស់ដើម្បី​នៅក្នុង​ករណី​ឃាតកម្មដ៏​កក្រើកនេះ។ នេះបើតាម​ការចេញផ្សាយ​ដោយទីភ្នាក់ងារ​ព័ត៌មាន​កូរ៉េខាងត្បួង យុនហ៉ាប់ នៅមុននេះ​បន្តិចនាព្រឹក​ថ្ងៃចន្ទ ទី២៧ ខែកុម្ភៈ ឆ្នាំ២០១៧។

ការលើកឡើង​បែបនេះ​របស់លោក John Brennan ដែលបានបម្រើ​ការងារជា​នាយកទីភ្នាក់ងារ CIA អាមេរិករហូត​ដល់ខែមករា​កន្លង​ទៅ​នេះ នៅក្នុងបទសម្ភាសន៍​ជាមួយ​សារព័ត៌មាន CBS ត្រូវបាន​ធ្វើឡើងបន្ទាប់ពី​អាជ្ញាធរម៉ាឡេស៊ី​បានប្រកាសជា​ផ្លូវការថា​ សារធាតុពុល​គីមីម៉្យាង​​មាន​ឈ្មោះ​ថា VX ត្រូវបានប្រើប្រាស់​ដើម្បីសម្លាប់​លោក គីម ជុងណាំ នៅឯអាកាសយានដ្ឋាន​អន្តរជាតិគូឡាឡាំពួរ​កាលពី​ថ្ងៃទី១៣ ខែកុម្ភៈ។

លោក Brennan បានថ្លែងដូច្នេះថា «ការប្រើប្រាស់​សារធាតុគីមី VX នេះប្រឆាំង​នឹងបងប្រុស​របស់ខ្លួន ហើយច្បាស់​ណាស់រាល់​សញ្ញាទាំងអស់​​បាន​ និ​ងកំពុងចង្អុលបង្ហាញថា​លោក គីម ជុងអ៊ុន គឺជាអ្នក​នៅពីក្រោយខ្នង​នៃអំពើឃាតកម្ម​នេះ គឺជាឧទាហរណ៍​​មួយ​ផ្សេង​ទៀត​​នៃ​​ការ​​ប្រើ​ប្រាស់​ថ្នាំ​ពុលប្រភេទ​ទាំងនេះ ដើម្បីសម្រេចគោល​ដៅ​របស់លោក»។ អតីតប្រធាន CIA រូបនេះបាន​បន្តថា​ ការប្រើប្រាស់​សារធាតុ​ពុល VX ​ក៏បានស្តែង​ឲ្យឃើញដែរថា​ប្រមុខដឹកនាំកំពូល​នៃប្រទេសកូរ៉េខាងជើង​រូបនេះ នៅតែបន្ត​ប្រើប្រាស់​មធ្យោបាយ​ឃោរឃៅ ដើម្បីកម្ចាត់គូប្រជែង​ផ្ទៃក្នុង​​នៃរបបដឹកនាំ​របស់ខ្លួន ឬមួយក៏បុគ្គល​ទាំងឡាយណា​ដែលខ្លួនមិន​ពេញចិត្ត។

គួរបញ្ជាក់ថា​ដើម្បីពង្រឹងក៏ដូចជាធានា​ឲ្យបាននូវអំណាចកាន់កាប់របស់ខ្លួនចាប់​តាំងពីពេលឡើង​ស្នង​តំណែងបន្តពីឪពុក​គឺអតីតមេដឹកនាំ​​កូរ៉េ​ខាងជើង​លោក គីម ជុងអ៊ីលកាល​ពីចុងឆ្នាំ២០១១ លោក គីម ជុងអ៊ុន ធ្លាប់បានបង្គាប់​បញ្ជាឲ្យមាន​ការសម្លាប់មន្រ្តី​ជាន់ខ្ពស់​រដ្ឋាភិបាល​​ក៏​ដូច​ជា​យោធា​​ជា​ច្រើនរូប រួមទាំង​ការសម្លាប់ពូបង្កើត​របស់ខ្លួនគឺ​លោក Jang Song-Thaek កាលពីឆ្នាំ២០១៣​ផងដែរ៕