(សេអ៊ូល)៖​ ក្រសួងការពារជាតិ​កូរ៉េខាងត្បូង​​បាននិយាយថា ក្រុមហ៊ុន Lotte Group នឹងបើក​កិច្ចប្រជុំ​ក្រុមប្រឹក្សា​ភិបាល​នៅថ្ងៃ​ចន្ទនេះ ដើម្បីពិភាក្សាគ្នាលើគំរោងស្នើសុំទិញ​ទីលានវាយ​កូនហ្គោលពី​រដ្ឋាភិបាល ទុកសម្រាប់​តម្លើងប្រព័ន្ធ​ខែលការពារ​មីស៊ីល​អាមេរិក THAAD​។ នេះបើតាម​ការចេញ​ផ្សាយ​ដោយ​ទីភ្នាក់ងារ​សារព័ត៌មាន​ចិន​ស៊ិនហួរ នៅព្រឹកថ្ងៃចន្ទ ទី២៧ ខែកុម្ភៈ ឆ្នាំ២០១៧។

ថ្លែងនៅក្នុងសន្និសីទសារព័ត៌មាន អ្នកនាំពាក្យ​ក្រសួងការពារជាតិ​កូរ៉ខាងត្បូង ​លោក មូន សាងឃ្យុន (Moon Sang-kyun) បានឱ្យដឹងថា​ លោកបានទទួលដំណឹង​ថា​ក្រុមហ៊ុន Lotte នឹងបើក​កិច្ចប្រជុំ​ក្រុមប្រឹក្សាភិបាល​ដើម្បីពិភាក្សា និងធ្វើសម្រេចចិត្ត​លើកិច្ចព្រមព្រៀង​លក់ទីតំាង​វាយកូន ហ្គោលមួយ​កន្លែងស្ថិត​នៅក្នុង​តំបន់ Seongju នៃខេត្ត Gyeongsang ខាងជើង​ជាទីដែល THAAD​ នឹងត្រូវដាក់​ពង្រាយ​សំដៅទប់ស្កាត់​រាល់ការ​គំរាមកំហែង​សំណាក់​កូរ៉េខាងជើង។ បន្ថែមពី​លើនេះ លោក មូន ក៏បានបញ្ជាក់​ឡើងវិញ​ដែរថា ​THAAD នឹងត្រូវដាក់​ពង្រាយតាម​ការគ្រោងទុក​នៅក្នុងឆ្នាំនេះ បើទោះ​ជាមានការ​ជំទាស់ពីចិន និងរុស្ស៊ី​ក៏ដោយ។

គួរបញ្ជាក់ថា​បើទោះជាទីក្រុងសេអ៊ូល និងទីក្រុងវ៉ាស៊ីនតោន​បានអះអាងជា​ច្រើនដងថា ការដាក់​ពង្រាយ THAAD មានគោល​ដៅ​តែមួយគត់​ទៅ​លើទីក្រុងព្យុងយ៉ាងក៏ដោយ ក៏ចិន និងរុស្ស៊ីនៅតែ​ជំទាស់​ដោយ​ពួកគេ​យល់ថា រ៉ាដានៃ​ប្រព័ន្ធខែល​ការពាមីស៊ីល​នេះ គឺជាការគំរាមកំហែង​យ៉ាង ខ្លាំងដល់​សន្តិសុខជាតិ​របស់ខ្លួន៕