(វ៉ាស៊ីនតោន)៖ អង្គការរវេទិកាសកម្មភាពរបស់អាមេរិក (Americain Action Forum ឬ AAF) បានវាយ​ម្លៃថា រដ្ឋបាលលោក ដូណាល់ ត្រាំ អាចនឹង​ត្រូវចំណាយប្រាក់​រហូតដល់​ទៅជាង ៥០០ពាន់​លាន​ដុល្លារ​អាមេរិក ដើម្បីបណ្ដេញ​ជនអន្តោប្រវេសន៍​ខុសច្បាប់ ទំាងអស់ជិត​១១លាននាក់​ចេញពីសហរដ្ឋអាមេរិក ហើយនឹងចំណាយ​ពេល២០ឆ្នាំ។ នេះបើតាម​កាសែត​អង់គ្លេស The Independent ដកស្រង់​ដោយ​សារព័ត៌មាន Sputnik ​នៅរសៀលថ្ងៃចន្ទ ទី២៧ ខែកុម្ភៈ ឆ្នាំ២០១៧។

យោងតាម AAF ការចំណាយ​ប្រាក់ដ៏មហិមា​លើគោលនយោបាយ​អន្តោប្រវេសន៍របស់ លោក ត្រាំ គឺរាប់បញ្ចូល​ទំាងការបង្កើត​គោលការណ៍បទបញ្ញតិ ការតតំាងគ្នា​តាមផ្លូវតុលាការ ការឃុំខ្លួន និងការដឹកជញ្ជូន​ជាដើម។ មិនតែប៉ុណ្ណោះ​ដំណើរការបណ្ដេញ​ជនអន្តោប្រវេសន៍ អាចចំណាយ ពេលដល់​ទៅ២០​ឆ្នាំ​ឯណោះ។ ជាងនេះទៅ​ទៀត AAF ក៏បានប​ញ្ជាក់ដែរថា​ គោលនយោបាយ​អន្តោប្រវេសន៍​នេះ អាចនឹងជះ​ឥទ្ធិពល​អវិជ្ជមានដល់​សេដ្ឋកិច្ច​អាមេរិក ជាពិសេស​នោះគឺ ពាក់ព័ន្ធនឹង​ការចាកចេញ​របស់បុគ្គលិក ឬអ្នកធ្វើការ​នៅក្នុងវិស័យក​សិកម្ម សំណង់ និងសុខាភិបាល ដែលសុទ្ធ​សឹងតែជា​វិស័យពឹងផ្អែក​ស្ទើរតែទំាងសុ្រង លើជនអន្តោប្រវេសន៍​ខុសច្បាប់។

គួរបញ្ជាក់ថា​ដោយសារតែ​គោលនយោបាយ​អន្តោប្រវេសន៍របស់ លោក ដូណាល់ ត្រាំ បានធ្វើឱ្យ​សង្គមអាមេរិក​ប្រឈមមុខនឹង​ការបាក់បែក​នយោបាយផ្ទៃក្នុង ដោយប្រជាជន​អាមេរិកមួយចំនួន​យល់ថា​អន្តោប្រវេសន៍​បានបង្កភាព​ស្មុគស្មាញ និងដណ្ដើម​ការងាររបស់​ពួកគេ រីឯអ្នកខ្លះទៀត​គិតថា​ពួកគេបានជួយ​ឱ្យសេដ្ឋកិច្ច​អាមេរិក​រីកចំរើន៕