(ហ្សាការតា)៖ សម្រាប់​ការកំណត់​មុខសញ្ញា​ដំបូង អាជ្ញាធរឥណ្ឌូណេស៊ី​បានដាក់ការសង្ស័យ​ទៅលើក្រុមភេរវករ​ជាបណ្តាញនៃក្រុម​រដ្ឋអ៊ីស្លាម ISIS ខណៈអង្គភាពប្រឆាំង​ភេរវកម្មនៅថ្ងៃចន្ទនេះ បានធ្វើការ​ចាប់ខ្លួនភេរវករម្នាក់ បន្ទាប់ពី​ជនដៃដល់រូបនោះ​​​បាន​បំផ្ទុះគ្រាប់បែក​​មួយគ្រាប់ ហើយដុត​បំផ្លាញ​អគារការិយាល័យស្រុក​មួយ​កន្លែង​នៅទី​រួម​ខេត្ត West Java។ នេះបើតាម​ការចេញផ្សាយ​ដោយទីភ្នាក់​ងារព័ត៌មាន​ចិន ស៊ិនហួរ នៅមុននេះ​បន្តិចនារសៀល​ថ្ងៃចន្ទ ទី២៧ ខែកុម្ភៈ ឆ្នាំ២០១៧។

មេបញ្ជាការ​ប៉ូលិសខេត្ត West Java លោក Anton Charlian បានឲ្យដឹងថា «ជនសកម្មប្រយុទ្ធ​បង្កហេតុ​ត្រូវបាន​ឃាត់ខ្លួន​ហើយ និងបានទទួល​​រង​របួសជា​ដំណំផងដែរ។ ម៉្យាងវិញទៀតពួកយើងបាន​តាមដាន​សកម្មភាព​របស់ជនដៃ​ដល់រូបនេះ ហើយគេគឺជា​សមាជិកនៃ​ក្រុមភេរវករ​​មួយ​ក្រុម (ISIS)​​ ​ដែលត្រូវ​អាជ្ញាធរម៉ាឡេស៊ី​ចាត់ថ្នាក់ជា​បណ្តាញក្រុមភេរវករ​ចាស់មួយ​»។ លោក Anton Charlian បានគូស​បញ្ជាក់ថា​គ្រាប់បែកដែល​​ត្រូវ​បាន​បំផ្ទុះ​​ពុំ​សូវជាមាន​អានុភាពប៉ុន្មាន​ឡើយ ហើយក្រុម​ប៉ូលិសបាន​ដកហូតកាំភ្លើង​មួយដើម និងកាបូប​បន្ទាប់ពីឃាត់ខ្លួន​ជនសកម្មប្រយុទ្ធរូបនោះ។

គួរបញ្ជាក់ថា​ជនដៃដល់ខាងលើ​បានបំផ្ទុះគ្រាប់បែក​ចំនួនមួយគ្រាប់​ក្នុងចំណោម​ពីរគ្រាប់ នៅឯសួនច្បារ Pandawa ក្នុងទីក្រុង Bandung នៃខេត្ត West Java នាវេលាម៉ោង​ប្រមាណ ៩៖០០នាទីព្រឹកថ្ងៃចន្ទនេះ ហើយក្រោយ​ការវាយប្រហារភ្លាមៗ​ ជនរូបនោះ​ក៏បានរត់​គេចខ្លួនទៅកាន់​ការិយាល័យ​​មួយកន្លែង​ដែលស្ថិតនៅក្បែរនោះ​ និងបានដុតបំផ្លាញ​អគារ​នោះចោល។ ដោយឡែក​ពុំទាន់មាន​សេចក្តីរាយការណ៍ថា​មានមនុស្សស្លាប់​​ឬមួយ​ក៏របួសដែរ​ឬយ៉ាងណាឡើយ​នៅក្នុងហេតុការណ៍​នេះ៕