(ម៉ូស្គូ)៖ រុស្ស៊ីសង្ឃឹមថា​ក្រុមឧទ្ទាម​នៅប្រទេសស៊ីរី​នឹងបង្កើតប្រតិភូរួម​មួយសម្រាប់​កិច្ចចរចា​សន្តិភាព​ទីក្រុងហ្ស៊ឺណែវ​នៃប្រទេស​ស្វីស ដើម្បីឈាន​ទៅដល់ការបញ្ចប់​សង្គ្រាមបង្ហូរឈាម​នារយៈពេល ០៦ឆ្នាំមកនេះ។ នេះ​បើ​តាម​ការ​ចេញ​​​​ផ្សាយរបស់​ទីភ្នាក់ព័ត៌មានរុស្ស៊ី RIA Novosti នៅរសៀលថ្ងៃចន្ទ ទី២៧ ខែកុម្ភៈ ឆ្នាំ២០១៧ ដោយបាន​ដកស្រង់សម្តី​​របស់​អនុ​រដ្ឋ​មន្រ្តី​​ការ​បរ​ទេស​រុស្ស៊ីលោក Mikhail Bogdanov។

ទីភ្នាក់ងារព័ត៌មាន​ដដែលបានឲ្យដឹងទៀតថា​ អ្នកតំណាំង​នៃក្រុមឧទ្ទាមឃើដ​ក៏គួរតែចូលរួម​ចំណែក​នៅក្នុងកិច្ចចរចា​នេះផងដែរ។ គួរបញ្ជាក់​ថា​អង្គការ​សហប្រជាជាតិ​បានចាប់ផ្តើម​បើកកិច្ចចរចា​សន្តិភាព​នៃប្រទេសស៊ីរីនេះ​ជាមួយនិង​ពិធីជានិមិត្តរូបមួយ​កាលពីថ្ងៃព្រហស្បតិ៍​សប្តាហ៍​មុន​នេះ ខណៈបើតាម​អង្គការឃ្លំាមើល​សិទ្ធិមនុស្សស៊ីរី​​មនុស្ស​ជាង ៣០០,០០០នាក់​ហើយ បានស្លាប់​​បាត់បង់​ជីវិត និងជិត​១១លាននាក់​​ផ្សេង​ទៀត​បាន​ផ្លាស់ប្ដូរទី​លំនៅ ឬក៏ភៀសខ្លួន​ទៅកាន់​ប្រទេស​ជិត​ខាង​ឬក៏តំបន់អឺរ៉ុប។

ងាកទៅមើលបញ្ហាជារួមនៅក្នុងប្រទេសស៊ីរីវិញ មិនមែនមានត្រឹមតែការប្រឆាំងគ្នារវាងរដ្ឋាភិបាល និង​ក្រុមឧទ្ទាមប៉ុណ្ណោះទេ ប៉ុន្តែបញ្ហានៃក្រុមសកម្មប្រយុទ្ធរដ្ឋអ៊ីស្លាម ISIS ក៏ជារឿងធំមួយ​ដែលធ្វើឲ្យ​ប្រទេសស៊ីរី​ទាំងមូលកាន់តែ​ធ្លាក់ដុនដាប​ផងដែរ។ តាំងពីដើមមក​ក្រុមប្រឆាំងស៊ីរី​គឺត្រូវបាន​គាំទ្រដោយ​បណ្តាប្រទេស​លោកខាង​លិច រីឯរដ្ឋាភិបាលស៊ីរី​គឺជាសម្ព័ន្ធមិត្ត​មិ​នអាចកាត់ថ្លៃបាន​របស់រុស្ស៊ី៕