(សេអ៊ូល)៖ ទីភ្នាក់ងារ​ស៊ើបការសម្ងា​ត់ជាតិ​កូរ៉េខាងត្បូង NIS បាននិយាយ​នៅថ្ងៃចន្ទនេះថា ក្រសួងសន្តិសុខ និងក្រសួង​ការបរទេស​កូរ៉េខាងជើង គឺជា​អ្នករៀបចំគំរោង​សម្លាប់​លោក គីម ជុងណាំ បងប្រុសម្ដាយ​ទីទៃ​របស់លោក គីម ជុងអ៊ុន នៅឯព្រលាន​យន្ដហោះ អន្តរជាតិ​ទីក្រុង​គូឡាឡាំពួរ កាលពីថ្ងៃ ទី១៣ ខែកុម្ភៈ។ នេះបើតាម​ការចេញផ្សាយ​ដោយ​សារព័ត៌មាន Channel News Asia​ នៅរសៀលថ្ងៃចន្ទ​ ទី២៧ ខែកុម្ភៈ ឆ្នាំ២០១៧។

ការលើកឡើង​បែបនេះ​​របស់ NIS ធ្វើឡើងនៅក្នុងការបង្ហាញ​ដ៏ខ្លីមួយនៅចំពោះ​មុខសភាជាតិ​កូរ៉េខាងត្បូង។ NIS បានបញ្ជាក់ដូច្នេះថា «នៅក្នុងចំណោមជនសង្ស័យជាជនជាតិកូរ៉េខាងជើងទំាង០៨នាក់ នៅក្នុងសំណុំរឿងឃាតកម្មលោក ​គីម ជុងណាំ មាន០៤នាក់​ជាមន្ត្រីមកពីក្រសួង​សន្តិសុខ និង០២នាក់ ផ្សេងទៀត​ជាមន្ត្រីនៃក្រសួង​ការបរទេស​កូរ៉េខាងជើង។ ដោយឡែក​ក្រៅតែពីរឿង​ឃាតកម្ម​ដ៏រសើប​នេះ NIS ក៏បានឱ្យដឹងដែរថា ប្រជាជនកូរ៉េខាងជើង​ប្រមាណ ៣០០,០០០នាក់​អាចនឹងបាត់បង់​ការងារ​របស់​ពួកគេ ដោយសារ​តែការផ្អាក​របស់ចិន​​លើការនាំចូល​ធ្យូងថ្ម​​ពីកូរ៉េខាងជើង ។

គួរបញ្ជាក់ថា​បើតាមក្រសួង​សុខាភិបាល​ម៉ាឡេស៊ី លោក គីម ជុងណាំ ត្រូវបានគេ​បំពុលឱ្យស្លាប់ ដោយប្រើប្រាស់​សារធាតុគីមីពុល VX ស្របពេលរដ្ឋា​ភិបាល​កូរ៉េខាងត្បូង បានអះអាងជា​ច្រើនដងថា ទីភ្នាក់ងារចារកម្មកូរ៉េខាងជើង ជាអ្នកនៅពីក្រោយ​អំពើឃាតកម្មនេះ៕