(គូឡាឡាំពួរ)៖ យោងតាមរបាយការណ៍​ព្រាងមួយរបស់​ ក្រុមប្រឹក្សាសន្តិសុខ​នៃអង្គការសហប្រជាជាតិ ទីភ្នាក់ងារ​ចារកម្ម​កូរ៉េខាងជើង​ បាន​លួច​ធ្វើ​​​ការ​ជួញដូរ​សព្វាវុធ​ក៏ដូចជាបរិក្ខាយោធា​ផ្សេងៗទៀត ដែលជា​ការរំលោភបំពាន​លើការដាក់​ទណ្ឌកម្ម​របស់យូអិន នៅ​ក្រោម​ស្លាក​​​យី​​ហោរ​​ក្រុម​​ហ៊ុន​​ផ្គត់​ផ្គង់​​សម្ភារៈ​កងទ័ព​ឈ្មោះ Glocom ដែលស្ថិត​នៅក្នុងរដ្ឋធានីគូឡាឡាំពួរ​នៃប្រទេស​ម៉ាឡេស៊ី។ នេះបើតាមការ​ចេញ​ផ្សាយ​​​ដោយ​​​​សារ​​ព័ត៌​​មាន​ Channel News Asia នៅមុននេះបន្តិច​នាល្ងាចថ្ងៃចន្ទ ទី២៧ ខែកុម្ភៈ ឆ្នាំ២០១៧។

ប្រភពព័ត៌មាន​ដដែល​បានឲ្យដឹងទៀតថា​ក្រុមហ៊ុន Glocom បានធ្វើការ​ផ្សព្វផ្សាយ​ស្តីពី​ប្រព័ន្ធវិទ្យុ​ទាក់ទងជាង​៣០ប្រភេទ សម្រាប់​​អង្គភាពយោ​ធា​ជាច្រើន​នៅលើ​គេហទំព័រ​ម៉ាឡេស៊ី www.glocom.com.my។ តាមពិតទៅ​ពុំមានក្រុមហ៊ុន​ឈ្មោះនេះ​នៅក្នុងប្រទេស​ម៉ាឡេស៊ីនោះ​ឡើយ ប៉ុន្តែ​ក្រុមហ៊ុន​ម៉ាឡេស៊ី​ចំនួនពីរ​កន្លែង​ដែលគ្រប់គ្រង​ដោយ​ម្ចាស់ភាគហ៊ុន​ និងនាយក​ជាជនជាតិ​កូរ៉េខាងជើង បានចុះបញ្ជី​គេហទំព័រ​របស់ Glocom​ កាលពី​ឆ្នាំ២០០៩។

យោងតាម​របាយការណ៍ព្រាង​របស់យូអិន​ក្រុមហ៊ុនខាង​លើ ពិតជាមានមុខ​ជំនាញប្រាកដមែន ដោយកាល​ពី​ខែកក្កដា​ឆ្នាំមុននេះ ការដឹកជញ្ជូន​​តាមផ្លូវអាកាស​មួយនៃបរិក្ខា​ទំនាក់ទំនងយោធា​កូរ៉េខាងជើង ដែលបាន​បញ្ជូនចេញពី​ប្រទេសចិន​ឆ្ពោះទៅកាន់​ប្រទេសអេរីទ្រា (Eritrea) នៅ​អាហ្រ្វិក​ខាងកើត ត្រូវបាន​ស្ទាក់ចាប់​ដោយប្រទេស​មួយមិន​បញ្ចេញឈ្មោះ។
សម្ភារៈដែលត្រូវបានរឹបអូសយក​រួមមានវិទ្យុទាក់ទង​នៅសមរភូមិ​​ និង​បរិក្ខាយោធា​ដទៃទៀត​ចំនួន​៤៥​ប្រអប់​ធំៗ​ដែលមាន​ស្លាក​សញ្ញា «Glocom» មាន​ឈ្មោះពេញថា Global Communication Company។ ​របាយការណ៍​ដដែលនេះបាន​បញ្ជាក់ថា​ ក្រុមហ៊ុន Glocom ស្ថិតក្រោម​ការគ្រប់គ្រង​របស់ការិយាល័យ​ឈ្លបការណ៍​សម្ងាត់របស់​កូរ៉េខាងជើង​ ដែលមានតួនាទី​ធ្វើប្រតិបត្តិការ​នៅក្រៅប្រទេស ក៏ដូចជា​ទទួលបន្ទុក​លើការទិញដូរ​សព្វាវុធ​ផងដែរ។

ដោយឡែក​​អ្នកនាំពាក្យ​នៃបេសកកម្មការទូតរបស់​កូរ៉េខាងជើង​ប្រចាំនៅយូអិន​បានអះអាងថា​ រូបលោកមិន​បានទទួល​ព័ត៌មាន​ ឬដំណឹង​អ្វីអំពី​​ក្រុមហ៊ុន Glocom នេះឡើយ។ គួររំលឹកថា​សេចក្តី​សម្រេច​លេខ​១៨៧៤​របស់​យូអិន ដែលត្រូវ​បានដាក់ចេញ​កាលពី​ឆ្នាំ២០០៩ បានពង្រីក​​ការ​ដាក់ទណ្ឌកម្ម​ផ្នែកសព្វាវុធ​ប្រឆាំងនឹង​កូរ៉េខាងជើង ដោយចាត់​បញ្ចូលទាំងបរិក្ខា​យោធា​ និងរាល់សម្ភារៈ​ពាក់ព័ន្ធទាំងអស់​ផ្សេងៗ​ទៀត។

គួរបញ្ជាក់​ដែរថា​ម៉ាឡេស៊ី​គឺជាប្រទេស​មួយក្នុង​ចំណោមប្រទេស​មួយចំនួនតូច​នៅលើ​ពិភពលោក ដែលមាន​ទំនាក់ទំនង​ជិតស្និទ្ធ​និងរឹងមាំ​​ជាមួយ​កូរ៉េខាងជើង ដោយ​ប្រជាពលរដ្ឋ​របស់ពួកគេអាចធ្វើ​ដំណើរទៅវិញ​ទៅមករវាង​ប្រទេសទាំងពីរ​ដោយពុំចាំបាច់​មានទិដ្ឋាការ​នោះ​ឡើយ​ ក៏ប៉ុន្តែចំណង​ទាំងនេះ​បានចាប់ផ្តើម​និងកំពុងជួបប្រទះ​ភាពរង្គោះរង្គើរ នៅក្រោយ​ពេលដែលបង​ប្រុសម្តាយ​ទីទៃរបស់​មេដឹកនាំ​កូរ៉េខាងជើង​ត្រូវបាន​គេលួចធ្វើឃាត​នៅឯអាកាសយានដ្ឋាន​អន្តរជាតិ​គូឡាឡាំពួរ​កាលពី​ថ្ងៃទី១៣ ខែកុម្ភៈនេះ៕