(វ៉ាស៊ីនតោន)៖ នៅក្នុងបរិបទ​ដែលប្រព័ន្ធផ្សព្វ​ផ្សាយអាមេរិកធំៗ​ជាច្រើន កំពុងតឹង​សសៃកជាមួយលោក ដូណាល់ ត្រាំ នោះអតីតប្រធានាធិបតី​អាមេរិក​ទី៤៣ លោក ចច ដាប់ប៊ែលយូប៊ូស (George W. Bush) បានកត់សម្គាល់ថា នៅសម័យលោកដឹកនាំ​ប្រទេសសារព័ត៌មាន​គឺមានទម្ងន់បំផុត មិនដូច​បច្ចុប្បន្ននេះទេ ដែលស្ថាប័ន​មួយនេះកំពុងបាត់បង់តម្លៃ និងសារៈសំខាន់​របស់ខ្លួននៅ​ក្នុងសហរដ្ឋអាមេរិក។ នេះបើតាម​ការចេញផ្សាយ​ដោយសារព័ត៌មាន Sputnik ​នៅព្រឹកថ្ងៃអង្គារ ទី២៨ ខែកុម្ភៈ ឆ្នាំ២០១៧។

ថ្លែងនៅ​ក្នុងបទសម្ភាសន៍​ជា​មួយស្ថានីយ៍ទូរទស្សន៍ NBC News​ លោក ប៊ូស ក៏បានរិះគន់​ផងដែរ ចំពោះ​អាកប្បកិរិយា​ប្រឆាំងអ្នកសារព័ត៌មាន​របស់ លោក ដូណាល់ ត្រាំ។ លោក ប៊ូស បានគូសបញ្ជាក់ថា «លោក ត្រាំ ចាំបាច់ណាស់​ត្រូវតែធានា​ឱ្យបាននូវសារៈសំខាន់ ក្នុងនាមជាប្រព័ន្ធផ្សព្វផ្សាយឯករាជ្យមួយនៅ​សហរដ្ឋអាមេរិក ត្បិតវាពិតជា​ពិបាកណាស់ក្នុងការ​បង្រួបបង្រួម​ប្រទេស នៅពេល​អ្នកដឹកនាំ​ និង​ប្រព័ន្ធ​ផ្សព្វ​ផ្សាយ​បែកបាក់គ្នា។ នៅពេល​ខ្ញុំកាន់តំណែង​ជាប្រធានាធិបតី អ្នក (ប្រព័ន្ធផ្សព្វ​ផ្សាយព័ត៌មាន) មានទម្ងន់​និងទឹកមាត់ប្រៃ​បំផុត មិនដូចឥលូវ​នេះទេ (...) ហើយខ្ញុំគិតថា​ប្រព័ន្ធផ្សព្វផ្សាយ​ពិតជាមាន​សារៈសំខាន់​មិនអាចខ្វះ បានសម្រាប់​លិទ្ធិប្រជា​ប្រធិបតេយ្យ ក្នុងការនាំ​យកការ​ទទួលខុសត្រូវ ឬក៏ប្រាប់​ប្រជាជនពីអ្នក​ដែលរំលោភលើ​អំណាច​របស់ពួកគេ»

គួរបញ្ជាក់ថា​ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បានចាត់ទុក​សារព័ត៌មានមួយ​ចំនួនដូចជា New York Times, NBC News, ABC, CBS, CNN ជាដើមគឺ​ជាសត្រូវរបស់ប្រជាជនអាមេរិក ហើយ​លោក​ថែមទាំងបានហាមឃាត់សារព័ត៌មាន​ទាំងអស់នោះ មិនឲ្យចូលយកព័ត៌មាននៅសេតវិមាន ដែលជារឿងពុំធ្លាប់កើតមានពីមុនមកផងដែរ៕