(​វ៉ាស៊ីនតោន)៖ ផែនការ​ព្រាងរបស់មន្ទីរបញ្ចកោណ​ក្នុងការកម្ចាត់​ក្រុម ISIS​ បានបញ្ជូន​ទៅដល់​សេតវិមាន​ហើយ​នៅថ្ងៃចន្ទសប្ដាហ៍នេះ ខណៈរដ្ឋមន្ត្រី​ការពារជាតិ​លោក ជែម ម៉ាតធីស (​James Mattis)​ ត្រូវបានគេ​រំពឹងថា​នឹងធ្វើបទបង្ហាញ​ពី​ផែនការនេះ ដល់ក្រុមមន្ត្រី​ជាន់ខ្ពស់​របស់លោក។ នេះបើតាម​អ្នកនាំ​ពាក្យក្រសួង​ការពារជាតិ ដកស្រង់​ដោយទីភ្នាក់ងារ​សារព័ត៌មាន Reuters នៅព្រឹកថ្ងៃអង្គារ ទី២៨ ខែកុម្ភៈ ឆ្នាំ២០១៧។

នៅក្នុង​សន្និសីទ​សារព័ត៌មាន​អ្នកនាំពាក្យ​ក្រសួងការពារជាតិ លោក ជែហ្វ ដាវីស (Jeff Davis) បាន​បញ្ជាក់ថា ផែនការ​របស់មន្ទីរបញ្ចកោណ ធ្វើឡើងនៅ ក្នុងក្រប​ខ័ណ្ឌ​នៃការប្រយុទ្ធ​ប្រឆាំង​នឹង​ក្រុមភេរវករ នៅទូទាំង​ពិភពលោក មិនមែន​ផ្ដោតសំខាន់​តែនៅក្នុង​ប្រទេសស៊ីរី ឬអ៊ីរ៉ាក់នោះទេ​ហើយផែនការ​នេះនឹង កំណត់ពី​និយមន័យ​ស្ដីពីការ​កម្ចាត់ក្រុម ISIS និងធ្វើយ៉ាង​ដូចម្ដេច ទើបអាច​កម្ចាត់ក្រុមភេរវករ​មួយនេះឱ្យបាន​យ៉ាងឆាប់រហ័ស។ លោក ដាវីស បន្ថែមថា​លោក ជែម ម៉ាតធីស នឹងពិភាក្សា​ពី​ផែនការនេះ អមជាមួយ​ការពន្យល់​តាមក្រាហ្វិច​ជាមួយក្រុម​មន្ត្រីជាន់ខ្ពស់​នៃមន្ទីរបញ្ចកោណ។

គួរបញ្ជាក់ថា​ផែនការកម្ចាត់ក្រុម ISIS ខាងលើ​ធ្វើឡើងនៅ​ចំពេល​សហរដ្ឋអាមេរិក កំពុងដឹកនាំ​ក្រុមចំរុះ​អន្តរជាតិ​ជួយកងកម្លាំង​រដ្ឋាភិបាល​អ៊ីរ៉ាក់ ដើម្បី​វាយយក​ដណ្ដើម​ទីក្រុង Mosul ពីពួកភេរវករនេះ​មកវិញ និងបន្ទាប់ពី​ទីក្រុងវ៉ាស៊ីនតោន​បានបរាជ័យ​ក្នុងការគាំទ្រដល់​ក្រុមប្រឆាំង​ស៊ីរី ដោយបណ្ដាយ​ឱ្យ​កងកម្លំាង​រដ្ឋាភិបាល​ស៊ីរី​មានរុស្ស៊ី​ជាខ្នងបង្អែក វាយគ្រប់គ្រង​ទីក្រុងអាឡេប៉ូ៕