(វ៉ាស៊ីនតោន)៖ បទបញ្ជាថ្មី​នៃប្រធានាធិបតី​អាមេរិក លោក ដូណាល់ ត្រាំ ស្ដីពីជន​អន្តោប្រវេសន៍​អាចនឹង​ដកប្រទេសអ៊ីរ៉ាក់​ចេញពីបញ្ជី​ឈ្មោះ​ នៃបណ្ដាប្រទេសម៉ូស្លីមភាគច្រើន ដែល​ប្រជាជន​របស់ពួកគេ​ត្រូវបាន​ហាមឃាត់​ជាបណ្ដោះអាសន្ន​មិនឱ្យចូលសហរដ្ឋអាមេរិក។ នេះបើតាមសេចក្ដីរាយការណ៍​ពីទីភ្នាក់ងារព័ត៌មាន AP ​ដកស្រង់​ដោយ​សារព័ត៌មាន Channel News Asia នៅរសៀលថ្ងៃពុធ ទី០១ ខែមីនា ឆ្នាំ២០១៧។

យោងតាម AP ក្រុមមន្ត្រី​អាមេរិក​០៤នាក់ បានឱ្យដឹង​នៅក្នុងលក្ខខណ្ឌ​មិនបញ្ចេញ​ឈ្មោះថា ការសម្រេច​ចិត្ត​បែបនេះ ធ្វើឡើង​បន្ទាប់ពីមាន​ការដាក់សម្ពាធ​ពីសំណាក់មន្ទីរបញ្ចកោណ និងក្រសួង​ការបរទេស ដែលជំរុញ​ឱ្យសេតវិមាន​ពិចារណាឡើងវិញ​ចំពោះ​ការបញ្ចូល​អ៊ីរ៉ាក់ ទៅក្នុងបញ្ជី​ឈ្មោះ​នៃបណ្ដា​ប្រទេស ម៉ូស្លីមជាប់បម្រាម​ចំនួន០៧ ត្បិតទីក្រុង​បាកដាដ កំពុងដើរ​តួនាទី​យ៉ាងសំខាន់​ក្នុងការប្រយុទ្ធ​ប្រឆាំង​ជាមួយក្រុម ISIS​។

គួរបញ្ជាក់ថា​លោក ដូណាល់ ត្រាំ ត្រូវបានគេរំពឹងថា​នឹងចុះហត្ថលេខា​លើបទបញ្ជាថ្មី​ស្ដីពីជនអន្តោប្រវេសន៍​នៅថ្ងៃពុធសប្តាហ៍នេះ (ម៉ោងនៅក្នុង​​ទីក្រុងវ៉ាស៊ីនតោន) ខណៈបទបញ្ជាចាស់​ត្រូវបានរាំងខ្ទប់​ដោយតុលាការ​សហព័ន្ធអាមេរិក៕