(ប៉េកាំង)៖ ចិន និងរុស្ស៊ី​បានជំរុញជាថ្មីម្ដងទៀត​ឱ្យ​សហរដ្ឋអាមេរិក និងកូរ៉េខាងត្បូង​លុបចោល​ការគំរោង​ដាក់ពង្រាយ​ប្រព័ន្ធខែល​ការពារមីស៊ីល THAAD នៅលើ​ឧទ្វីបកូរ៉េ ខណៈក្រុមហ៊ុន Lotte Group និងរដ្ឋាភិបាល​ទីក្រុងសេអ៊ូល​បានឈាន​ដល់កិច្ចព្រមព្រៀង​ដោះដូរដី​សម្រាប់​ដាក់ពង្រាយ THAAD ដែល​គ្រោងនឹង​ធ្វើឡើង​នៅក្នុងឆ្នាំនេះ។ នេះបើតាម​សេចក្ដីថ្លែងការណ៍​របស់ក្រសួង​ការបរទេសចិន ដកស្រង់​ដោយ​សារព័ត៌មាន Sputnik​ នៅរសៀល​ថ្ងៃពុធ ទី០១ ខែមីនា ឆ្នាំ២០១៧។

សេចក្ដីថ្លែងការណ៍​ខាងលើ​ធ្វើឡើងបន្ទាប់ពី​មន្ត្រីការទូត​ជាន់ខ្ពស់ចិន និងរុស្ស៊ីបានជួបប្រជុំ​គ្នាកាលពី​ថ្ងៃអង្គារ។ សេចក្ដីថ្លែងការណ៍​ដដែល​បានឱ្យដឹង​យ៉ាងដូច្នេះថា «ភាគីទំាងពីរ (ចិននិងរុស្ស៊ី) បានអះអាង​ជាថ្មីពី​ក្ដីព្រួយបារម្ភ​យ៉ាងក្រៃលែង និងជំទាស់​យ៉ាងខ្លាំង​ចំពោះគំរោង​ដាក់ពង្រាយ THAAD ពីសំណាក់​សហរដ្ឋអាមេរិក និងកូរ៉េខាងត្បូង។ ដូច្នេះភាគី​ទំាងពីរ​ជំរុញឱ្យទីក្រុង​វ៉ាស៊ីនតោន និងទីក្រុង​សេអ៊ូល ទទួលយក​ការព្រួយបារម្ភ និងហេតុផលដ៏សមស្រប​ពាក់ព័ន្ធនឹង​បញ្ហាសន្តិសុខ ព្រមទំាង​កុំបំផ្លាញ​ផលប្រយោជន៍​ចិននិងរុស្ស៊ី ក៏ដូចជា​តុល្យភាពយុទ្ធសាស្ត្រ​នៅក្នុងតំបន់ ហើយត្រូវតែ​បញ្ឈប់គំរោង​តម្លើង THAAD»

គួរបញ្ជាក់ថាចិន និងរុស្ស៊ី​ក៏ធ្លាប់ព្រមាន​រួចហើយដែរថា ខ្លួននឹង​ចាត់វិធានការ​បើសិន​ជា THAAD ត្រូវបាន​តម្លើង​នៅលើទឹកដី​កូរ៉េខាងត្បូង​មែននោះ បើទោះជាសហរដ្ឋអាមេរិក និងកូរ៉េខាងត្បូង អះអាងជា​ច្រើនដងថា​ប្រព័ន្ធការពារ​មីស៊ីលនេះ មានគោលដៅតែ​មួយគត់លើកូរ៉េខាងជើង​ក៏ដោយ៕