(ប៉េកាំង)៖ ជុំវិញការស្នើឲ្យ​អង្គការសហប្រជាជាតិ (UN) ព្យួរ​សមាជិកភាព​របស់ប្រទេស​កូរ៉េខាងជើង បន្ទាប់ពី​ទទួលបានរបាយការណ៍​ថា ទីក្រុងព្យុងយ៉ាង​មានឃ្លាំងស្តុកអាវុធ​គីមី​ប្រឆាំងច្បាប់​អន្តរជាតិ ចំនួនពី​ ២,៥០០តោន ទៅ៥,០០០តោននោះ ទីក្រុងប៉េកាំង​ដែលជាសម្ព័ន្ធមិត្ត​បានចេញមុខអំពាវនាវ​ឲ្យគ្រប់គ្នា​រក្សាការអត់ធ្មត់​ចំពោះ​កូរ៉េខាងជើង ដើម្បីកុំឲ្យបញ្ហា​កាន់តែ​ធំជាងនេះ។ នេះបើតាម​ការដកស្រង់​ការផ្សាយ​នៅមុននេះបន្តិចពី Channel News Asia នារសៀល ថ្ងៃពុធ ទី០១ ខែមីនា ឆ្នាំ២០១៧។

កូរ៉េខាងត្បូងធ្វើការចោទប្រកាន់​កូរ៉េខាងជើងខាងលើនេះ គឺមានជាប់ពាក់ព័ន្ធនឹង​សារធាតុគីមី VX ដែល​ក្រុម​ជំនាញ​​ម៉ាឡេស៊ី​អះអាង​ថា​​ ជាសារធាតុពុល​ដ៏អាក្រក់ត្រូវបានយកចេញពីអាវុធគីមី ដែលជន​សង្ស័យ​កូរ៉េខាងជើង​​ប្រើប្រាស់​ដើម្បីបំពុល​​លោក គីម ជុងណាំ បងប្រុសមេដឹកនាំ​កំពូល​កូរ៉េខាងជើង​​រហូតដល់ស្លាប់ កាលពីថ្ងៃទី១៣ ខែកុម្ភៈ។ ​រហូតមកដល់ពេលនេះ អាជ្ញាធរម៉ាឡេស៊ី​បានកំណត់ជនសង្ស័យ​ដែលត្រូវ​ចាប់ខ្លួន​ក្នុងករណី​ឃាតកម្មលើលោក​ គីម ចំនួន០៨នាក់ (សុទ្ធសឹងតែ​ជាជនជាតិ​កូរ៉េខាងជើង រួមទាំង​មន្ត្រីទូត) ប៉ុន្តែរដ្ឋាភិបាល​កូរ៉េខាងជើង តាមរយៈស្ថានទូត​ប្រចាំទីក្រុង​គូឡាឡាំពួរ បានចេញមុខ​បដិសេធ​អំពីការជាប់ពាក់ព័ន្ធ និងបន្តមិនទទួលស្គាល់​ជនរងគ្រោះថាជាលោក គីម ជុងណាំ នោះឡើយ។

លោក Geng Shuang អ្នកនាំពាក្យក្រសួងការបរទេសចិនបានឆ្លើយនឹងសំនួរថា​តើកូរ៉េខាងជើង​គួរដក​សមាជិកភាព​នៅ UN ឬក៏អត់នោះ​យ៉ាងដូច្នេះថា «អ្វីដែលខ្ញុំ​ត្រូវតែនិយាយ​ពេលនេះ គឺស្ថានការណ៍​នា​ពេលបច្ចុប្បន្ន​ក្នុងតំបន់ឧបទ្វីប​កូរ៉េកំពុងតែស្មុគស្មាញ និងផុយស្រួយ។ ក្នុងស្ថានភាព​បែបនេះ​ យើង​សង្ឃឹម​ថាគ្រប់គ្នា​នឹងរក្សាការ​អត់ធ្មត់កម្រិត​ខ្ពស់បំផុត និងមិនត្រូវរុកគួនគ្នា​ដែលបង្កឲ្យបញ្ហាតានតឹង​កាន់តែរីក​ធំឡើងនៅក្នុងតំបន់នោះឡើយ»