(ប៉ារីស)៖ បេក្ខភាពឈរឈ្មោះជាប្រធានាធិបតីបារាំងលោក Francois Fillon ត្រូវបានកោះហៅដោយអង្គចៅក្រម ដែលកំពុងធ្វើការស៊ើបអង្កេត​ទៅលើការចោទប្រកាន់ដែលថា រូបលោកបានផ្តល់ប្រាក់បៀវត្សរ៍ ទៅឲ្យសមាជិកគ្រួសារ ដែលពុំមាន​ការងារពិតប្រាកដនៅក្នុងសភា​ឡើយនោះ។ នេះបើតាមសារព័ត៌មាន Channel News Asia នៅមុន​នេះបន្តិចនារសៀលថ្ងៃពុធ ទី០១ ខែកុម្ភៈ ឆ្នាំ២០១៧ ដែល​បាន​ដក​ស្រង់​ចេញ​ពី​សេចក្តី​រាយ​ការណ៍​របស់សារព័ត៌មានបារាំង។

ជុំវិញបញ្ហានេះលោក Francois Fillon ធ្លាប់បានធ្វើការច្រានចោលការចោទ ខាងលើជាច្រើនលើកច្រើនសាមកហើយ និង​បានបញ្ជាក់ថា ភរិយា​​របស់លោកគឺលោកស្រី Penelope Fillon បានទទួលប្រាក់បៀវត្សរ៍រាប់ម៉ឺនយូរ៉ូសម្រាប់ការងារត្រឹមត្រូវ និងពិតប្រាកដក្នុងនាមជាជំនួយការរបស់​លោកផ្ទាល់នៅឯសភាជាតិបារាំង ទោះបីជាលោក Fillon បានទទួលស្គាល់ថា ការផ្តល់ការងារនេះទៅឲ្យភរិយាគឺជាការសម្រេចចិត្តខុសមួយ​យ៉ាងណាក្តី។

ការចោទប្រកាន់ក៏ដូចជារឿងអាស្រូវនេះដែលបានផ្ទុះឡើងកាលពីខែមករាកន្លងទៅមកម៉្លេះនោះ បានរុញច្រានយុទ្ធនាការឃោសនា ​រក​សំឡេង​ឆ្នោត​របស់លោក Francois Fillon ធ្លាក់ទៅក្នុងវិបត្តិយ៉ាងជ្រៅរហូតនាំឲ្យ រូបលោកបាត់បង់តំណែងជាបេក្ខភាពប្រធានាធិបតីដែលមានប្រជា​ប្រិយភាពជាងគេថែមទៀតផង។

គួរបញ្ជាក់ដែរថា ក្រៅពីលោក Francois Fillon បេក្ខភាពប្រធានាធិបតីបារាំងដទៃៗទៀតផងដែរ ​ដែលកំពុង​ប្រឈមជាមួយនឹង​បញ្ហា​រឿងអាស្រូវ​រួមមានលោកស្រី Marine Le Pen ដែលមានសមាជិកនៃគណបក្ស រណសិរ្សជាតិពាក់ព័ន្ធ​នឹងរឿងកិបកេងលុយថែមទៀតផង ខណៈប្រធានាធិប​តី បារាំងបច្ចុប្បន្នលោក Francois Hollande ក៏មានបំណងចង់ឈរ​ឈ្មោះមួយ​អាណត្តិទៀតផងដែរ ប៉ុន្តែលោកបានដឹងមុនថានឹងមិនអាច​ទទួល​ជោគ​​ជ័យ​នោះឡើយ៕