(​សេអ៊ូល)៖ កូរ៉េខាងជើងនៅថ្ងៃពុធនេះនៅតែបញ្ជាក់ឡើងវិញថា ខ្លួននឹងបន្តពង្រឹង និងអភិវឌ្ឍអាវុធនុយក្លេអ៊ែរ រហូតទាល់តែ សហរដ្ឋអាមេរិក និងកូរ៉េខាងត្បូង បោះបង់ចោលគោលនយោបាយប្រឆាំង ឬបង្ករឿងជាមួយនឹង របបកម្មុយនីស្ដ ទីក្រុងព្យុងយ៉ាង ដែលបានចាត់ទុកថា អាវុធនុយក្លេអ៊ែររបស់ខ្លួន ផលិតឡើងដោយស្របច្បាប់ និងដើម្បីទុកការពារខ្លួនឯង។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មានយ៉ុនហាប់ នៅថ្ងៃពុធ ទី០១ ខែមីនា ឆ្នាំ២០១៧។

ការលើកឡើងបែបនេះរបស់កូរ៉េខាងជើង ធ្វើឡើងបន្ទាប់ពីកូរ៉េខាងត្បូង និងសហរដ្ឋអាមេរិក បានផ្ដើមធ្វើសមយុទ្ធយោធាទ្រង់ទ្រាយធំប្រចំាឆ្នាំ និងនៅក្នុងបរិបទ ដែលសម្ព័ន្ធមិត្តទំាងពីរបានចោទប្រកាន់ចំៗតែម្ដងថា របបដឹកនាំលោក គីម​ ជុងអ៊ុន ជាអ្នកនៅពីក្រោយអំពើឃាតកម្មលើលោក គីម ជុងណាំ។

អ្នកនាំពាក្យគណៈកម្មាធិការកូរ៉េខាងជើង សម្រាប់សន្តិភាពអាស៊ី-ប៉ាស៊ីហ្វិក បានថ្លែងដូច្នេះថា៖ «រាល់សកម្មភាពយោធាកូរ៉េខាងជើង ទំាងនៅលើអាកាស លើដីនិងលើផ្ទៃទឹកគឺជា សិទ្ធិស្របច្បាប់ការពារខ្លួនឯង ទប់ទល់នឹងការគម្រាមកំហែងដោយអាវុធនុយក្លេអ៊ែរ និងចេតនាអាក្រក់ របស់សហរដ្ឋអាមេរិក។ ដូច្នេះកូរ៉េខាងជើងនឹងបន្តអភិវឌ្ឍ អាវុធនុយក្លេអ៊ែរ រហូតទាល់តែសហរដ្ឋអាមេរិក និងកូរ៉េខាងត្បូង បោះបង់ចោលគោល នយោបាយប្រឆាំងនឹងរបបកម្មុយនីស្ដទីក្រុងព្យុងយ៉ាង»

គួរបញ្ជាក់ថា បើតាមអ្នកនាំពាក្យរូបនេះដដែល កូរ៉េខាងជើងមិនមែនអភិវឌ្ឍអាវុធនុយក្លេអ៊ែរទុកវាយប្រហារ លើកូរ៉េខាងត្បូង នោះទេ ក៏ប៉ុន្តែគឺគ្រាន់តែចង់ទប់ស្កាត់ ការគំរាមកំហែងពីសំណាក់ទីក្រុងវ៉ាស៊ីនតោនតែប៉ុណ្ណោះ៕