(សេអ៊ូល)៖ ស្ថិតនៅក្នុងសមយុទ្ធរយៈពេលវែង​ដែលកំពុងតែប្រព្រឹត្ត​ទៅរវាង​សហរដ្ឋអាមរិក និងកូរ៉េខាងត្បូង​​នោះ សម្ព័ន្ធមិត្តទាំងពីរ​នៅថ្ងៃព្រហស្បតិ៍នេះ​បានព្រមព្រៀងគ្នា​បន្ថែមទៀត ក្នុងការពង្រីក​កិច្ចសហប្រតិបត្តិការ​សំដៅស្វែង​រកទណ្ឌកម្មឲ្យ​បានខ្លាំងក្លា​ជាងមុន ដើម្បីដាក់​សម្ពាធទៅលើ​កូរ៉េខាងជើង​ជាការតបស្នង​ទៅនឹងអ្វី​ដែលអន្តរជាតិបាន​មើលឃើញថា កូរ៉េខាងជើង​បានធ្វើតេស្តគ្រាប់មីស៊ីល​ម្តងហើយ​ម្តងទៀត​​ផ្គើននឹងទណ្ឌកម្មពី​អន្តរជាតិ។ នេះបើតាម​ការដកស្រង់​ព័ត៌មានពី Channel News Asia នៅមុននេះបន្តិច​នាព្រឹកថ្ងៃព្រហស្បតិ៍ ទី០២ ខែមីនា ឆ្នាំ២០១៧។

ការព្រមព្រៀង​ខាងលើនេះបានធ្វើឡើង​នៅក្នុងជំនួប​ពិភាក្សា​តាមទូរស័ព្ទ ​រវាងរដ្ឋមន្ត្រីរតនាគារជាតិអាមេរិក​ថ្មី​លោក Steven Mnuchin និងរដ្ឋមន្ត្រី​ហិរញ្ញវត្ថុកូរ៉េខាងត្បូង​លោក Yoo Il-ho ដោយភាគី​ទាំងពីរបាន​លើក​​ឡើងពី «ការព្រួយបារម្ភ​ខ្លាំងបំផុត» ចំពោះការ​ធ្វើតេស្តមីស៊ីល​ឆ្លងទ្វីប ដែលអាច​បំពាក់ក្បាលគ្រាប់​នុយក្លេអ៊ែរ​​របស់កូរ៉េខាងជើង​កាលពី​ថ្ងៃទី១២ ខែកុម្ភៈ បើទោះបី​ជាទណ្ឌកម្មធ្ងន់ៗ​ពីអង្គការ​សហប្រជាជាតិ​ត្រូវបានដាក់​ទៅលើប្រទេស​ដ៏ឯកោមួយនេះ​ ច្រើនដងរួចទៅហើយក៏ដោយ។

គួរបញ្ជាក់ថា​ក្រៅពីគំរោងស្វែង​រកទណ្ឌកម្ម​បន្ថែម ដើម្បីដាក់​បន្ទុកលើកូរ៉េខាងជើង​នោះ រដ្ឋមន្ត្រីទាំងពីរ​ក៏បាន​សន្យាបង្កើន​កិច្ចពិភាក្សា​បន្ថែមទៀត​ផងដែរ ទៅលើ​ការអភិវឌ្ឍ​ទំនាក់ទំនងសេដ្ឋកិច្ច​ឲ្យកាន់តែខ្លាំង​ជាងមុន ខណៈកូរ៉េខាងត្បូង​ក៏ខិតជិតដល់ការ​បោះឆ្នោតជ្រើសរើស​ប្រធានាធិបតីថ្មី ឯសហរដ្ឋអាមេរិក​ក៏ទើបតែ​មានប្រធានាធិបតី​ថ្មីឡើងកាន់​អំណាច ដែលបាន​ចាត់ទុកប្រទេសអាស៊ីមួយនេះកាន់តែសំខាន់​ជាងមុនទៀត៕