(តូក្យូ)៖ លោក ស៊ីនហ្សូ អាបេ នឹងទទួល​បានឱកាសប្រែក្លាយ​រូបលោក​ទៅជានាយករដ្ឋមន្រ្តីដែលដឹកនាំ​ប្រទេស​ជប៉ុន​យូរជាងគេ​បង្អស់ក្នុងប្រវត្តិសាស្ត្រ បន្ទាប់ពី​គណបក្ស​របស់លោក​ផ្លាស់ប្តូរ​បទបញ្ញតិមួយ​ដែលអនុញ្ញាត​ឲ្យលោក អាបេ បន្ត​កាន់​​អំណាច​បានមួយអាណត្តិ​ទៀត ពោលគឺបីអាណត្តិ​ជាប់គ្នាតែម្តង​ដោយមួយអាណត្តិ​មានរយៈពេល​បីឆ្នាំ​។ នេះ​បើ​តាម​ការ​ចេញផ្សាយ​ដោយសារព័ត៌មាន Channel News Asia នៅមុននេះ​បន្តិចនារសៀល​ថ្ងៃព្រហស្បតិ៍ ទី០២ ខែកុម្ភៈ ឆ្នាំ២០១៧។

គណបក្ស​ប្រជាធិបតេយ្យសេរី (LDP) គ្រោងនឹង​ធ្វើការសម្រេច​​ជាផ្លូវការ​នៅថ្ងៃអាទិត្យ​នេះ ចំពោះ​ការផ្លាស់ប្តូរ​​បទបញ្ញតិមួយ ដែល​អនុញ្ញាត​​ឲ្យ​ប្រធាន​បក្ស​កាន់អំណាច​បានបីអាណត្តិ​ជាប់ៗគ្នាដែល​ប្រការ​នេះ​កំពុងត្រួសត្រាយ​ផ្លូវជូន​លោក​ អាបេ ក្នុងការ​កាន់តំណែង​បន្តទៀត នៅក្រោយ​ពេលដែល​អាណត្តិ​បច្ចុបន្ន​របស់​លោក​ក្នុងនាម​ជាមេបក្ស LDP ត្រូវបញ្ចប់​​នៅ​ខែកញ្ញា ឆ្នាំ២០១៨។ ម៉្យាងវិញ​ទៀតបើ​សិនជា​គណបក្ស LDP នៅតែ​រក្សាអំណាច​បានដដែល​នោះ លោក ស៊ីនហ្សូ អាបេ ទំនងជា​​នឹងនៅតែ​​ជានាយករដ្ឋ​មន្រ្តីជប៉ុន​ដដែល។

គួរបញ្ជាក់ថា​ទោះបីបែបនេះក្តី​មិនមែនមានន័យ​ថា​ បន្ទាប់ពីអាច​បន្ថែមអាណត្តិ​ទៅលើតំណែង​ជាប្រធានបក្ស LDP ហើយ​លោក អាបេ នឹងនៅបន្ត​ធ្វើជានាយករដ្ឋមន្រ្តី​ជប៉ុន​ដោយស្វ័យប្រវត្តិ​នោះឡើយ៕