(គូឡាឡាំពួរ)៖ មន្ត្រីទូតមួយរូប​របស់កូរ៉េខាងជើង​ប្រចាំនៅទីក្រុងគូឡាឡាំពួរ​ប្រទេសម៉ាឡេស៊ី បានចេញ​មុខ​អះអាង​ជាថ្មីទៀត ដោយគាំទ្រ​អ្វីដែលរដ្ឋាភិបាល​កូរ៉េខាងជើង​ធ្លាប់លើកឡើង​តាំងពី​ដើមរៀង​មកថា បុរស​ដែលគេជឿជាក់​ថាជាលោក គីម ជុងណាំ បងប្រុស​មេដឹកនាំ​លោក គីម ជុងអ៊ុន នោះ​មិនមែន​ស្លាប់ដោយ​សារសារធាតុគីមី VX អ្វីនោះឡើយ ប៉ុន្តែលោក​ស្លាប់ដោយ​រោគ «គាំងបេះដូង» នៅក្នុងព្រលាន​យន្តហោះ​ម៉ាឡេស៊ី ដែលគ្រូពេទ្យ​ម៉ាឡេស៊ីមិនអាច​សង្គ្រោះទាន់ពេលវេលា​​កាលពី​ថ្ងៃទី១៣ ខែកុម្ភៈ។ នេះ​បើតាម​ការចេញ​ផ្សាយដោយ Channel News Asia នាល្ងាច​ថ្ងៃព្រហស្បតិ៍ ទី០២ ខែមីនា ឆ្នាំ២០១៧។

លោក Ri Tong Il អ្នកតំណាង​រដ្ឋាភិបាល​កូរ៉េខាងជើង ដែលបាន​ធ្វើដំណើរមក​ដល់ស្ថានទូត​ប្រចាំ​នៅ​គូឡាឡាំពួរ​បានបញ្ជាក់​យ៉ាងដូច្នេះថា «បុរសឈ្មោះ គីម ចុល (គីម ជុងណាំ) ដែលកាន់​លិខិតឆ្លងដែន​កូរ៉េខាងជើង​នោះ មានប្រវត្តិ​កើតជំងឺ​បេះដូង និងសម្ពាធ​ឈាមឡើង​ខ្ពស់ ហើយវាប្រាកដ​ណាស់ថា គីម ចុល បានស្លាប់​ដោយរោគគាំង​បេះដូង មិនមែន​ដោយសារធាតុ​ពុល VX ដូចសមត្ថកិច្ច​ជំនាញ​ម៉ាឡេស៊ី​អះអាង​នោះឡើយ»។ លោក Ri គឺជា​មន្ត្រីជំនាញ​កូរ៉េខាងជើង និងធ្លាប់​ជា​អតីតអនុទូត​​របស់ទីក្រុង​ព្យុងយ៉ាង​​​ប្រចាំនៅ​អង្គការ​​សហប្រជាជាតិ៕