(អូតាវ៉ា)៖ កងយន្តហោះចម្បាំងនៃយោធាជើងអាកាសរបស់ប្រទេសកាណាដា ប្រហែលជាត្រូវបង្ខំចិត្តឲ្យធ្វើការបាញ់​ទម្លាក់យន្តហោះ​ដឹក​អ្នកដំណើរទាំងឡាយណាត្រូវបានចោរប្លន់ នៅក្នុងករណីដ៏ចាំបាច់ជាទីបំផុតដើម្បីទប់ស្កាត់ ការវាយប្រហារដោយភេរវកម្មដូចនៅសហរដ្ឋ​អាមេរិកកាល១៦ឆ្នាំមុន។ នេះបើតាមការ​ចេញផ្សាយដោយ​សារព័ត៌មាន​កាណាដា CBC News នៅយប់ថ្ងៃព្រហស្បតិ៍ ទី០២ ខែមីនា ឆ្នាំ២០១៧ ដោយផ្អែកលើ​ឯកសារសម្ងាត់មួយចំនួន​ដែលបាន​បែកធ្លាយ។

យោងតាមតាមសារព័ត៌មានដដែលខាងលើ ឯកសារទាំងប៉ុន្មាននោះមានផ្ទុកនូវគំរោងលម្អិតស្តីអំពី​មធ្យោបាយដើម្បីការពារ​អគារ CN Tower ដ៏ល្បីល្បាញនៅក្នុងទីក្រុង Toronto នៃប្រទេសកាណាដា និងរបៀបសម្រេចចិត្តរបស់អាជ្ញាធរ​ចំពោះការបាញ់ទម្លាក់យន្តហោះ​នានារួមមានទាំងយន្តហោះដឹកអ្នកដំណើរផងដែរ ដែលត្រូវបានក្រុមភេរវករគ្រប់គ្រង​កាន់កាប់ ហើយឯកសារដែលបានបែក​ធ្លាយ​ទាំង​នោះក៏មានរៀបរាប់លម្អិតអំពីចំនួនយន្តហោះចម្បាំង ដែលត្រូវចូលរួម​ក្នុងប្រតិបត្តិការនេះ ព្រមទាំងទីតាំងនានាថែមទៀតផង។ ដោយ​ឡែកឯកសារដែល CBC News ទទួលបាននេះត្រូវបាន​បង្ហាញជូនមេទ័ពកាណាដាគឺលោកឧត្តមសេនីយ៍ Jonathan Vance កាលពីឆ្នាំ​២០១៥​កន្លងទៅនេះ។

សូមជំរាបថា កាលពីថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០១១ មហាភេរវកម្មដ៏កក្រើកពិភពលោកមួយបានកើតឡើង នៅពេលដែល​ក្រុមភេរវករស្ម័គ្រស្លាប់​របស់ក្រុម អាល់កៃដា បានប្លន់យន្តហោះដឹកអ្នកដំណើរបួនគ្រឿងនៅសហរដ្ឋអាមេរិក ដោយបានបញ្ជា​២គ្រឿង​ឲ្យ​ទៅ​បុក​កម្ទេច​អគារ​ពាណិជ្ជកម្មភ្លោះ World Trade Center ដ៏ល្បីល្បាញនៅក្នុងទីក្រុងញូយ៉ក មួយគ្រឿងទៅបុកមន្ទីរ​បញ្ចកោណ និងយន្តហោះទី​បួនត្រូវបានបញ្ចូនសំដៅឆ្ពោះទៅ កាន់រដ្ឋធានីវ៉ាស៊ីនតោន ដែលគេសន្មត់ថា ក្នុងគោលបំណង​វាយប្រហារលើសេតវិមាន ឬមួយក៏វិមានកាពី​តូល (Capitol Hill) ហើយមានតែយន្តហោះទីបួននេះ​ប៉ុណ្ណោះដែលបាន​ទទួលបរាជ័យ៕