(វ៉ាស៊ីនតោន)៖ អនុប្រធានាធិបតី​អាមេរិក លោក Mike Pence ធ្លាប់បានប្រើប្រាស់សារអេឡិចត្រូនិច ឬEmail​​ ឯកជនជាទៀងទាត់ដើម្បីដឹកនាំ​កិច្ចការរដ្ឋ​ និងពិភាក្សាលើ​ប្រធានាបទ​ដ៏រសើបជាច្រើន​ពាក់ព័ន្ធនឹង​បញ្ហាសន្តិសុខ​មាតុភូមិ នៅអំឡុង​ពេលលោក​កាន់តំណែង​ជាអភិបាល​រដ្ឋ Indiana។ នេះបើតាម​ការចេញផ្សាយ​ដោយ​សារព័ត៌មាន USTODAY នៅ​ព្រឹកថ្ងៃសុក្រ ទី០៣ ខែមីនា ឆ្នាំ២០១៧។

យោងតាម US TODAY​ Email របស់លោក Pence​ ត្រូវបានផ្ញើ​ទៅកាន់​សារព័ត៌មាន The Indianapolis Star ដែលបង្ហាញថា​លោកបាន​ទំនាក់ទំនងជា​មួយទីប្រឹក្សារបស់លោក ដោយប្រើប្រាស់ Email​ ឯកជន ពិភាក្សាគ្នា​លើប្រធានាបទ​សន្តិសុខ​នៅឯលំនៅដ្ឋាន​អភិបាលរដ្ឋ​របស់លោក ព្រមទំាង​បញ្ហាធំៗ ជាច្រើន​ទៀត ដូចជាការវាយប្រហារភេរវកម្មនៅទូទំាង​ពិភពលោក​ជាដើម។ ជាងនេះទៅ​ទៀតនៅក្នុង Email ​មួយ ទីប្រឹក្សា​អនុប្រធានាធិបតី​អាមេរិក​រូបនេះ ក៏បានបញ្ជូន​បន្តផងដែរនូវ​ការធ្វើបច្ចុប្បន្នភាព​របស់ FBI ​តាមរយៈ Email ឯកជនស្ដី​ពីការឃាត់ខ្លួន​មនុស្សជា​ច្រើន ក្រោមបទចោទ​ប្រកាន់ថា​មានជាប់ទាក់ទិននឹង​អំពើភេរវកម្ម។

គួរបញ្ជាក់ថា​បើតាម​ក្រុមអ្នក​ជំនាញ​ព័ត៌មានវិទ្យា ការប្រើប្រាស់ Email​ ឯកជន​ដោយ​លោក Mike Pence បានបង្ក​ជាក្ដីព្រួយបារម្ភ​ដ៏ធំ ត្បិតនៅពេលនេះគេគ្រប់គ្នា​ចង់ដឹងថា​តើព័ត៌មានសំខាន់ៗ​ត្រូវបាន​ការពារ​ពីក្រុម Hacker ដែរឬទេ ខណៈEmail​ ឯកជន​ទូទៅ​ដូចជារបស់លោក Pence​ មិនមាន​សុវត្ថិភាព​ដូចជា Email រដ្ឋាភិបាល​នោះឡើយ។ ម្យ៉ាងវិញទៀត​កាលពីរដូវ​ក្ដៅឆ្នាំមុន Emai​l ឯកជន​របស់លោក Pence ត្រូវបានគេ Hack​ ម្ដងរួចមក​ហើយ៕