(អាមេរិក)៖ ផ្កាយរណប​វិទ្យាសាស្រ្តមួយគ្រឿង​របស់ទីភ្នាក់ងារ​អវកាស​ណាសា (NASA) ដែលធ្វើដំណើរ​ជុំវិញភពអង្គារ៍ ត្រូវបាន​បង្ខំឲ្យ​ធ្វើ​ការ​ចល័ត​ដ៏កម្រមួយ ដើម្បីជៀសវាង​ការប៉ះទង្គិចគ្នា​នៅសប្តាហ៍​ក្រោយជាមួយ​ព្រះច័ន្ទតូចៗចំនួនពីរ​របស់ភព​មួយនេះ។ នេះបើតាម​ការ​ចេញផ្សាយ​ដោយ​សារព័ត៌មាន Channel News Asia នៅមុននេះបន្តិច​នាព្រឹកថ្ងៃសុក្រ ទី០៣ ខែមីនា ឆ្នាំ២០១៧។

អ្នកគ្រប់គ្រង​ការហោះហើរ​នៅឯមន្ទីរ​ពិសោធន៍ Jet Prolulsion របស់ NASA ក្នុងទីក្រុង Pasadena នៃរដ្ឋកាលីហ្វរញ៉ា បានបញ្ជា​​​ផ្កាយរណប MAVEN ដែលកំពុង​ធ្វើការសិក្សាស្រាវជ្រាវ​ទៅលើបរិយាកាស​របស់​ភពអង្គារ ឲ្យបញ្ឆេះម៉ាស៊ីន​របស់វា​នៅ​ថ្ងៃអង្គារ​សប្តាហ៍នេះ (ពេលវេលា​នៅអាមេរិក) ដើម្បីបន្ថែម​ល្បឿនទៅត្រឹម​០.៤ម៉ែត្រក្នុងមូយវិនាទី។ ការបង្កើន​ល្បឿននេះមានភាព​ចាំបាច់បំផុត ​ដើម្បី​ផ្លាស់​ប្តូរ​​គន្លង​គោចរ​​របស់ MAVEN ហើយកាច់​ចង្កូតផ្កាយរណប​នេះឲ្យឃ្លាតផុតពី​ព្រះច័ន្ទរបស់ Phobos របស់​ភពអង្គារ។

ដោយគ្មានការ​ផ្លាស់ប្តូរផ្លូវ​ធ្វើដំណើរនេះ MAVEN និងព្រះច័ន្ទតូច Phobos នឹងឈានដល់​ចំណុចដូចគ្នា​ក្នុងទីអវកាស នៅថ្ងៃទី០៦ ខែមីនា ពោលគឺថ្ងៃចន្ទសប្តាហ៍​​ក្រោយនេះ។ ផ្កាយរណប MAVEN កំពុងស្ថិត​នៅលើគន្លង​ជារាង​ដូចស៊ុត​មួយ ដែលជា​រឿយៗ​​​បាន​ធ្វើ​ដំណើរ​​កាត់​ផ្លូវ​គ្នា​ជាមួយ​ផ្កាយរណប​វិទ្យាសាស្រ្តដទៃៗ​ទៀតរួមទាំង Phobos ផងដែរ ដែលស្ថិត​នៅចម្ងាយ​​ត្រឹម​តែ​៩,៦៥៦គីឡូ​ម៉ែត្រ​​​ប៉ុណ្ណោះពី​ផ្ទៃ​​ភព​អង្គារ៍ ហើយវាស្ថិត​នៅកៀក​ភពរបស់វាជា​ជាងព្រះច័ន្ទណាៗផ្សេងទៀតទាំងអស់​​ ដែលគេបានដឹង​នៅក្នុងប្រព័ន្ធ​អាទិត្យ។ ម៉្យាងវិញ​ទៀតស្ថិតនៅ​​រយៈ​ចម្ងាយនេះ Phobos នឹងអាចវិលជុំវិញ​ភពអង្គារ​បានបីដងក្នុង​មួយថ្ងៃៗ។

គួរបញ្ជាក់ថា​ផ្កាយរណប MAVEN ដែលមាន​ឈ្មោះពេញ​ថា Mars Atmosphere and Volatile Evolution បានធ្វើ​ដំណើរទៅដល់​ភពអង្គារ​កាលពី​ខែកញ្ញា ឆ្នាំ២០១៤ ហើយចាប់តាំងពី​ពេលនោះមកក្រុម​អ្នកគ្រប់គ្រង​ការហោះហើរ បានធ្វើការ​ឃ្លាំមើលជាប្រចាំ​ចំពោះ​ផ្លូវ​ធ្វើ​ដំណើរ​របស់​វា​ដើម្បីការពារ​ការប៉ះទង្គិចគ្នា​ទាំងឡាយ។ ដោយឡែក​សកម្មភាព​គេចខ្លួននៅថ្ងៃអង្គារ​សប្តាហ៍នេះ គឺជាលើកទីមួយហើយ​សម្រាប់​ MAVEN ដែលចាំបាច់​ត្រូវតែជៀស​ពីព្រះច័ន្ទ Phobos ដែលប្រវែងមុខកាត់ដល់ទៅ២០គីឡូម៉ែត្រនោះ៕