(តូត្យូ)៖ រដ្ឋមន្ត្រីការបរទេសអាមេរិក លោក រិច ធីល្លឺសុន (Rex Tillerson) បានសង្កត់ធន់ថា ការធ្វើការងាររួមគ្នារវាង​សហរដ្ឋអាមេរិក កូរ៉េខាងត្បូងនិង​ជប៉ុន​ពិត ជាមានសារៈសំខាន់ជាទីបំផុត ដើម្បីទប់ទល់ក៏ដូចជាប្រឈមមុខនឹងការគំរាម​កំហែងពីកូរ៉េខាងជើង។ នេះបើតាមការ​ចេញ​ផ្សាយ​ដោយ​សារព័ត៌មាន Channel ​News Asia នៅយប់ថ្ងៃព្រហស្បតិ៍ ទី១៦​​ ខែមីនា ឆ្នាំ២០១៧។

ការកត់សម្គាល់របស់លោក Rex Tillerson ធ្វើឡើងនៅក្នុងឱកាសដែលកំពុងបំពេញទស្សនកិច្ចក្នុងទីក្រុងតូក្យូ នៅថ្ងៃព្រហស្បតិ៍ម្សិលមិញ។ លោក Tillerson នៅក្នុងជំនួបជាមួយសមាភាគីជប៉ុន លោក ហ្វូមីញ៉ូ គីស៊ីដា បានលើកឡើងដូច្នេះថា៖ «កិច្ចសហប្រតិបត្តិការត្រីភាគីពិត​ជ​មាន​សារៈ​​សំខាន់ក្នុង ការដោះស្រាយបញ្ហាកូរ៉េខាងជើង»។ ជាងនេះទៅទៀត ពាក់ព័ន្ធនឹងការផ្គើនបាញ់សាកល្បងមីស៊ីល របស់ទីក្រុងព្យុងយ៉ាង អតីត CEO ក្រុមហ៊ុនប្រេងរូបនេះ ក៏ត្រូវបានគេរំពឹងដែរថា នឹងដាក់សម្ពាធលើទីក្រុងប៉េកាំងឱ្យប្រើឥទ្ធិពលរបស់ខ្លួនដាក់សម្ពាធ​បន្ត​លើ​កូរ៉េ​ខាង​ជើង​ឱ្យឈប់បង្ករឿងនៅក្នុងតំបន់ ខណៈកូរ៉េខាងត្បូង និងជប៉ុន សុទ្ធតែកំពុងរង់ចាំមើលថា តើទីក្រុងវ៉ាស៊ីនតោននឹង​ដោះ​ស្រាយ​ជាមួយ​ចិន​យ៉ាងដូចម្ដេច? ស្របពេលមហាយក្សអាស៊ីមួយនេះ កំពុងលេចត្រដែតកាន់តែខ្លាំងនៅលើឆាកអន្តរជាតិ ទំាងវិស័យសេដ្ឋកិច្ច និងយោធា។​

គួរបញ្ជាក់ថា នេះគឺជាដំណើរទស្សនកិច្ចជាលើកដំបូងបំផុតរបស់លោក Rex Tillerson មកកាន់ទ្វីបអាស៊ី ក្នុងនាមជាប្រមុខការទូតអាមេរិក ហើយបើតាមគំរោងបន្ទាប់ពីជប៉ុន លោកនឹងបន្តបំពេញទស្សនកិច្ចទៅកាន់កូរ៉េខាងត្បូង និងចិន ក្នុងសប្ដាហ៍នេះ៕