(វ៉ាស៊ីនតោន)៖ បន្ទាប់ពីភាព​ចម្រូងចម្រាស​អស់រយៈពេល​ជាច្រើនសប្ដាហ៍ នៅទីបំផុត​ប្រធាន​គណកម្មាធិការ​ស៊ើប​អង្កេត​ព្រឹទ្ធសភា​អាមេរិក បានបញ្ជាក់​ហើយថា គ្មានភស្ដុតាង​ណាមួយ​បង្ហាញថា​ មានការលួច​ស្ដាប់កិច្ចសន្ទនា​តាមទូរស័ព្ទ​នៅឯអាគារ​ពាណិជ្ជកម្ម Trump Tower ដូចការចោទ​របស់​ប្រធានាធិបតី​អាមេរិក​លោក ដូណាល់ ត្រាំ លើ​លោក បារ៉ាក់ អូបាម៉ា នោះ​ទេ។ នេះបើតាម​ការចេញផ្សាយ​ដោយ​សារព័ត៌មាន BBC នៅព្រឹកថ្ងៃសុក្រ ទី១៧​ ខែមីនា ឆ្នាំ២០១៧។

ថ្លែងនៅក្នុង​សេចក្ដីថ្លែង​ការណ៍ ប្រធានគណកម្មាធិការ​ស៊ើបអង្កេត​ព្រឹទ្ធសភា​អាមេរិក នៃគណបក្ស​សាធារណរដ្ឋ លោក រីឆាត ប៊ឺ (Richard Burr) បាន និយាយថា «ផ្អែកលើ​ព័ត៌មាន​ដែលយើង​ទទួលបាន​យើងសូម​បញ្ជាក់ថា គ្មានភស្ដុតាងណាមួយ​បង្ហាញថា អាគារពាណិជ្ជកម្ម Trump Tower បានកា្លយ ជាកម្មវត្ថុ​នៃការតាមដាន​ ឬលួចស្ដាប់​របស់អតីតរដ្ឋាភិបាល​អាមេរិក (លោក បារ៉ាក់ អូបាម៉ា) នោះទេ ទំាងនៅមុន និងនៅក្រោយ​ការបោះឆ្នោតជ្រើសរើស​ប្រធានាធិបតី​អាមេរិក​កាលពីឆ្នាំ២០១៦»

គួររំលឹកថា​កាលពីថ្ងៃទី០៤ ខែមីនាកន្លងទៅ លោក ដូណាល់ ត្រាំ បានសរសេរ​ដោយគ្មាន​បង្ហាញ​ភស្ដុតាង នៅលើ Twitter ថារដ្ឋបាល​នៃអតីតប្រធានា​ធិបតីអាមេរិកលោក បារ៉ាក់ អូបាម៉ា បានបញ្ជា​ឱ្យគេលួចស្ដាប់​លោកនិយាយ​ទូរស័ព្ទ​នៅអាគារ Trump Tower ក្នុងអំឡុង​យុទ្ធនាការ​ឃោសនា​បោះឆ្នោត ។ ក៏ប៉ុន្តែលោក អូបាម៉ា បានច្រានចោល​ការចោទ​ប្រកាន់នេះ រីឯនាយក FBI​ លោក ជែម ខូមី (James Comey) នឹងត្រូវបាន​សភាសាកសួរ​ពីបញ្ហានេះ នៅថ្ងៃចន្ទ​សប្ដាហ៍​ក្រោយ៕