(គែរ)៖ មន្ត្រីក្រសួង​វប្បធម៌​អេហ្ស៊ីប បានចាប់ផ្តើម​ដំណើរការផ្ទេរវត្ថុបុរាណ​អាយុកាល​ជាង ៣,០០០ឆ្នាំ​គឺរូបចម្លាក់​ពីថ្មដ៏ល្អប្រណិត​​ដែលបង្ហាញពីសម័យកាល​នៃអាណាចក្រ​អេហ្ស៊ីប​បុរាណដ៏អស្ចារ្យនោះ ទៅកាន់​សារមន្ទីរជាតិ​ស្ថិតនៅក្នុង​រដ្ឋធានីគែរ​ដើម្បីធ្វើការអភិរក្ស​បន្ថែម និងដាក់តាំងបង្ហាញ​​ក្នុងន័យទាក់ទាញ​ភ្ញៀវទេសចរមកស្វែងយល់ពីអរិយធម៌ដ៏អស្ចារ្យ នៃប្រទេសតំបន់អាហ្វ្រិកខាងជើងមួយនេះ។ នេះបើតាម​ការ​ផ្សាយដោយទីភ្នាក់ងារ​ព័ត៌មាន​ចិនស៊ិនហួរ នាព្រឹកថ្ងៃសុក្រ ទី១៧ ខែមីនា ឆ្នាំ២០១៧។

រដ្ឋមន្ត្រីអេហ្ស៊ីប​លោក Khaled al-Anany បានថ្លែងនៅ​ថ្ងៃព្រហស្បតិ៍​សប្តាហ៍នេះថា «រូបចម្លាក់ធំជាង​រូបពិត​ដែលត្រូវបានរកឃើញ​កាលពីសប្តាហ៍មុន​នៅក្នុងសង្កាត់ Matariya នៃទីក្រុងគែរ​នោះ ត្រូវបានគេ​សន្មត់ថា​ជារូបចម្លាក់របស់ Psammetich I ជាព្រះចៅរាជវង្សផារ៉ាអូស នៃរជ្ជកាលទី២៦ ដែលបានគ្រប់គ្រង​ប្រទេស​អេហ្ស៊ីបពី​ចន្លោះ​ឆ្នាំ ៦៦៤ ដល់ ៦១០ មុនគ.ស។

គួរបញ្ជាក់ថា​អាណាចក្រអេហ្ស៊ីបុរាណ​ ជាអរិយធម៌រុងរឿងជាងគេ​នៅក្នុងប្រវត្តិសាស្ត្រ​ពិភពលោក ដែល​មានបណ្តុំ​នៃប្រាសាទ​ពីរ៉ាមីត និងរូបចម្លាក់​ពីបុរាណដ៏អស្ចារ្យ បើទោះបី​ជាទីនោះ​ស្ថិតនៅតំបន់​វាលខ្សាច់​ដ៏ធំល្វឹងល្វឺយ​ក៏ដោយ។ ប្រាសាទពីរ៉ាមីត​នៅជីសា និងប្រាសាទពីរ៉ាមីត​ដែលមាន​អាយុកាល​ ៦,០០០ឆ្នាំ​គឺជាប្រាសាទ​ដ៏ធំអស្ចារ្យ​ត្រូវបានកសាង​ដោយមនុស្ស មានអាយុកាល​ចំណាស់ជាងគេ​បំផុតនៅ​លើលោក៕