(ហាណូយ)៖ រដ្ឋាភិបាល​ទីក្រុងហាណូយ​បានចោទប្រកាន់​ប្រទេស​អូស្រ្តាលីថា បានបង្កការ​ខូចខាត​ធ្ងន់ធ្ងនរ​ដល់​អាជីវករ​ចិញ្ចឹមសត្វ​​បង្គា​ ក៏ដូចជា​អ្នកនាំចេញ​គ្រឿងសមុទ្រ​ប្រភេទនេះ​របស់ប្រទេស​វៀតណាម ហើយបាន​ស្នើដល់រដ្ឋាភិបាល​ទីក្រុងកង់បេរ៉ា​ឲ្យគិតគូរពិចា​ណា​​ឡើង​វិញម្តងទៀត​អំពីការដាក់​បំរាមហាមឃាត់​ទៅលើការ​នាំចូលបង្គាពីវៀតណាម។ នេះបើតាម​ការចេញផ្សាយ​ដោយទីភ្នាក់ងារ​ព័ត៌មានចិន ស៊ិនហួរ នៅមុននេះ​បន្តិចនាព្រឹក​ថ្ងៃសុក្រ ទី១៧ ខែមីនា ឆ្នាំ២០១៧។

យោងតាម​អនុរដ្ឋមន្រ្តីពាណិជ្ជកម្ម​ និងឧស្សាហកម្ម​វៀតណាម​លោក Tran Quoc Khanh ការដាក់បំរាម​ខាងលើនេះ​បានជះផល​ប៉ះពាល់​អវិជ្ជ​មាន​យ៉ាងខ្លាំង​ដល់ឧស្សាហកម្ម​វារីវប្បកម្ម​នៃប្រទេស​របស់​លោក។ លោក Khanh បានលើក​ឡើងថា «នៅក្នុង​ទស្សនៈ​របស់យើង​ផ្ទាល់ ​បំរាមនេះ​មិនសមស្រប​ទៅនឹងការអនុវត្តន៍​ទូទៅក៏ដូច​ជាឆន្ទៈ នៃការថែរក្សា​ព្រមទាំងការ​ពង្រឹងទំនាក់ទំនង​ពាណិជ្ជកម្ម​ដ៏ល្អសព្វថ្ងៃ​នេះ​រវាង​វៀតណាម​ និងអូស្រ្តាលី​នោះ​ឡើយ»។ លោក Khanh បានបន្ថែម​ទៀតថា​ អ្នកនាំចេញ​មួយចំនួន​របស់វៀតណាម​ដែលផ្តោត​សំខាន់​ទៅ​លើ​ទីផ្សារបង្គា​ក្នុងប្រទេស​អូស្រ្តាលី កំពុងប្រឈមមុខ​ជាមួយ​ហានិភ័យ​ធ្ងន់ធ្ងរ​នៃការក្ស័យធន​ដោយសារតែ​បំរាមនាំចូល​បង្គានេះ។

អាជ្ញាធរអូស្រ្តាលី​កំពុងបន្តធ្វើ​ការស៊ើបអង្កេត​ថា​ តើជំងឺអុចសបានរីករាត​ត្បាតនៅក្នុង​ប្រទេសអូស្រ្តាលី​ដោយរបៀបណា​ ខណៈ​​អាជីវករ​​ចិញ្ចឹម​បង្គា​របស់អូស្រា្តលី​បានទម្លាក់កំហុស​ទៅលើផលិតផល​បង្គាដែលនាំចូល​ពីតំបន់អាស៊ី។ ជុំវិញបញ្ហានេះ​លោក Tran Quoc Khanh បានស្នើថា​វៀតណាម​គួរតែទទួលបាន​ការអនុញ្ញាត​ដើម្បីបន្តការនាំចេញ​បង្គាឆៅ​ទៅកាន់​អូស្រ្តាលី រហូតទាល់​តែមានភស្តុតាង​​​ជាក់​ស្តែង​ដែល​បញ្ជាក់​ថា​ សត្វបង្គា​ដែលត្រូវបាននាំចូល​គឺជាប្រភព​នៃជំងឺរីករាល​ដាលនេះ។

គួរបញ្ជាក់ថា​ក្រៅពីនេះវៀតណាម​ និងអូស្រ្តាលីក៏ធ្លាប់មាន​ការខ្វែងគំនិតគ្នា​ជុំវិញការធ្វើពាណិជ្ជកម្ម​ផ្នែកកសិកម្ម​ទ្វេភាគី​ផងដែរ។ តួយ៉ាង​កាល​ពីឆ្នាំ២០១៥ ប្រទេសវៀតណាម​បានដាក់បំរាម​ជាបណ្តោះ​អាសន្ន ទៅលើការ​នាំចូល​ផ្លែឈើពីប្រទេស​អូស្រ្តាលី បន្ទាប់ពីមាន​ជម្លោះ​​រឿង​​សត្វល្អិត​ចង្រៃដែលបំផ្លាញ​ផ្លែឈើ៕