(សេអ៊ូល)៖ រដ្ឋមន្ត្រីការបរទេស​អាមេរិក លោក រិច ធីល្លឺសុន ដែលកំពុង​តែបំពេញទស្សនកិច្ច​នៅប្រទេស​កូរ៉េខាងត្បូងនោះ​បានធ្វើការអះអាង​ដ៏គួរឲ្យភ្ញាក់ផ្អើល​មួយថា «សកម្មភាពយោធា​អាមេរិក​ប្រឆាំង​រដ្ឋនុយក្លេអ៊ែរ​ដូចជា​កូរ៉េខាងជើង គឺជាជម្រើសមួយ​ដែលមាន​ស្រាប់» ប្រសិនបើការ គំរាម​កំហែងដោយអាវុធប្រល័យលោក នុយក្លេអ៊ែរ​កាន់តែខ្លាំង​ឡើងនោះ។ នេះបើតាម​ការចេញផ្សាយ​នៅមុននេះ​បន្តិចដោយ Channel News Asia ដកស្រង់ពី AFP នារសៀល​ថ្ងៃសុក្រ ទី១៧ ខែមីនា ឆ្នាំ២០១៧។

ការថ្លែងព្រមានធ្ងន់ៗ​ខាងលើនេះ​គឺត្រូវបាន​អ្នកវិភាគ​លើកឡើងថា ជាការបង្ហាញ​ពីនយោបាយ​យុទ្ធសាស្ត្រថ្មី​​របស់​អាមេរិក ដែលនឹងផ្លាស់ប្តូរ​កាន់តែក្តៅគគុកជាងមុន ទៅលើប្រទេសកូរ៉េខាងជើង ហើយលោក ធីល្លឺសុន ក៏បានសង្កត់ធ្ងន់​ផងដែរថាកម្មវិធីមីស៊ីល និងនុយក្លេអ៊ែរ​កូរ៉េខាងជើង​ត្រូវតែផ្អាក។ រដ្ឋមន្ត្រី​ការបរទេស​អាមេរិក​រូបនេះ​បានបញ្ជាក់ច្បាស់​យ៉ាងដូច្នេះ​ថា «នយោបាយ​នៃយុទ្ធសាស្ត្រ​បែបអត់ធ្មត់ត្រូវ​បានបញ្ចប់​ហើយ។ យើងកំពុង​ស្វែងរកចំណាត់​ការផ្នែក ការទូត, សន្តិសុខ, និងដំណោះស្រាយ​សេដ្ឋកិច្ចថ្មី។ គ្រប់ជម្រើស​​ទាំង​អស់គឺស្ថិត​នៅលើតុស្រាប់»

គួរបញ្ជាក់ថា នេះគឺជាលើកទីពីរហើយ​សម្រាប់ដំណើរទស្សនកិច្ចរបស់លោករដ្ឋមន្ត្រីការបរទេសអាមេរិ ​មកកាន់តំបន់អាស៊ី ខណៈដែលស្ថានការណ៍ ក្នុងតំបន់នេះកំពុងតានតឹងបំផុតដែលបង្កឡើង​ដោយ​ប្រទេសកូរ៉េខាងជើង ធ្វើការបាញ់សាកល្បងមីស៊ីលជាច្រើនគ្រាប់ ឆ្លើយតបនឹងសមយុទ្ធ យោធាដ៏កក្រើក​មេឃរញ្ជួយដីរវាងសហរដ្ឋអាមេរិក និងកូរ៉េខាងត្បូង៕