(តូក្យូ)៖ សំឡេងប្រកាសអាសន្ន​តាមឧបករណ៍​បំពងសំឡេង​ជាច្រើន បានបន្លឺឡើង​នៅក្នុងសមយុទ្ធ​ជម្លៀស​ប្រជាជនគេចចេញ​ពីគ្រាប់មីស៊ីល​ជាលក្ខណៈ​ឯកជនជា​លើកដំបូងបំផុត​នៅក្នុង​ប្រទេសជប៉ុន នៅថ្ងៃសុក្រនេះ​ ដែលត្រូវបាន​ធ្វើឡើង​នៅឯទីក្រុង​មួយជាប់ឆ្នេរសមុទ្រ នៅក្នុងបរិបទ​ដែល​ការព្រួយបារម្ភ​ពី​ការវាយប្រហារដោយ គ្រាប់មីស៊ីល​កូរ៉េខាងជើង​កាន់តែកើន​ឡើង។ នេះបើតាម​ការចេញផ្សាយ​ដោយសារ​ព័ត៌មាន Channel News Asia​ នៅល្ងាចថ្ងៃសុក្រ ទី១៧​ ខែមីនា ឆ្នាំ២០១៧។

សមយុទ្ធ​ជម្លៀស​ប្រជាជន​នេះ ធ្វើឡើងបន្ទាប់ពី​ទីក្រុង​ព្យុងយ៉ាងបាញ់សាកល្បង​មីស៊ីល​ផ្លោងចំនួន​ ០៤គ្រាប់ ទៅកាន់​សមុទ្រជប៉ុន​កាលពី​ថ្ងៃទី០៦ ខែមីនា កន្លងទៅ ដោយក្នុងនោះ​គ្រាប់មីស៊ីល​មួយគ្រាប់​ធា្លក់នៅចំងាយ​ប្រមាណ​ ២០០គីឡូម៉ែត្រ​នៃទីក្រុង Oga។ ជាងនេះ​ទៅទៀត​សមយុទ្ធនេះមានគោលដៅ​ជម្លៀស និងបង្រៀន​ប្រជាជន​ជប៉ុន ពីរបៀប​គេចខ្លួន​ទៅកាន់​កន្លែង​មាន​សុវត្ថិភាព នៅក្នុងករណី​មានការវាយប្រហារ​ពីគ្រាប់មីស៊ីល​កូរ៉េខាងជើង ជាយថាហេតុណាមួយ ​ខណៈស្ថានភាព​នៅលើតំបន់​ឧបទ្វីបកូរ៉េ កំពុងស្ថិតនៅ​ក្នុងភាពតាន​តឹងស្រាប់។

គួរបញ្ជាក់ថា​បើតាមអ្នកនាំពាក្យ​រដ្ឋាភិបាលជប៉ុន សមយុទ្ធបែបជម្លៀសនេះ​ពិតជាមាន​សារៈសំខាន់ ក្នុងការអប់រំ​សាធារណជន​ជប៉ុន​ពីរបៀបរត់គេច​ខ្លួន ស្របពេល​ប្រជាជនមួយ​ចំនួន​ក្នុងទីក្រុង Oga កំពុងព្រួយ​បារម្ភថា​តើពួកគេត្រូវ​ធ្វើដូចម្ដេច​ដើម្បីគេចចេញពី​គ្រោះថ្នាក់ បើសិន​ជាមានការវាយប្រហារ​ដោយមីស៊ីល ពីទីក្រុងព្យុងយ៉ាង​មែននោះ៕