(លីម៉ា)៖ ក្រសួងដឹកជញ្ជូន​ និងទូរគមនាគមន៍ប៉េរូ​បានឲ្យដឹងថា ប្រទេស​នៅតំបន់អាមេរិកខាងត្បូងមួយនេះ​បាន និង​កំពុង​តែ​​ប្រឈមមុខ​​​ជាមួយ​​ការ​ធ្លាក់​​ភ្លៀងដ៏​ខ្លាំងក្លា​ដែលទំនង​ជានឹងបន្ត​រហូតដល់​ខែមេសា​ខាងមុខនេះ ខណៈមនុស្ស​យ៉ាងតិចចំនួន ៦២នាក់​បានបាត់បង់​ជីវិត​ និងជា​ច្រើននាក់រាប់​មិនអស់ផ្សេង​ទៀត​គ្មានទីជ្រក​កោន ហើយក្រុង​ដល់ទៅចំនួន​ ៧៥០ នៅក្នុងតំបន់ចំនួន១៣​ត្រូវបានដាក់ឲ្យ​ស្ថិតក្រោមការ​​សង្រ្គោះបន្ទាន់​កម្រិត​ខ្ពស់។ នេះបើតាម​ការចេញ​ផ្សាយ​ដោយ​ទីភ្នាក់ងារ​ព័ត៌មានចិន ស៊ិនហួរ នៅមុននេះ​បន្តិច​នាព្រឹក​ថ្ងៃសោរ៍ ទី១៨ ខែមីនា ឆ្នាំ២០១៧។

ដោយឡែក​យោងតាម​មជ្ឈមណ្ឌល​ឃ្លាំមើលអាកាសធាតុជាតិ​ នៃប្រទេស​ប៉េរូ ENFEN បាតុភូត​អាកាសធាតុ​ហៅថា Coastal Nino គឺជា​​មូលហេតុ​ដែលបាន​បណ្តាលឲ្យមាន​ភ្លៀងធ្លាក់​ជោគជាំ​ដូចបាក់មេឃ​បែបនេះ។ Coastal Nino ត្រូវបានកត់​ចំណាំដោយ​សីតុណ្ហភាព​នៅ​សមុទ្រ​ឡើងខ្ពស់ ដែលបានកើត​ពីសីតុណ្ហភាព​ជាមធ្យមត្រឹម​ ២២អង្សាសេ​ទៅដល់ ២៧អង្សាសេ។

ជុំវិញករណីគ្រោះ​មហន្តរាយ​ធម្មជាតិនេះ វិទ្យាស្ថាន​គាំពារជនស៊ីវិល​ជាតិ​ប៉េរូ​បានបញ្ជាក់ថា ចាប់តាំង​ពីខែធ្នូ ឆ្នាំ២០១៦មក ការធ្លាក់ភៀង​ និងទឹកជំនន់​បានបង្កការខូចខាត​ដល់ផ្លូវថ្នល់​សរុបមាន​ប្រវែង​ ១៨,២៦២គីឡូម៉ែត្រ​នៅក្នុង​តំបន់ Piura និងបានកាត់​ផ្តាច់ស្ពាន​ចំនួន​ ០៦​ខ្សែ ​ព្រម​ទាំង​​បាន​បំផ្លិចបំផ្លាញ​ជាច្រើនខ្សែ​បន្ថែមទៀត។ ម៉្យាងវិញ​ទៀតដោយសារ​គ្រោះធម្មជាតិនេះ បានបន្សល់​ទុកមនុស្ស​ចំនួន​ ១០០,០០០នាក់​​​បាត់បង់​ទីជម្រក ហើយថែម​ទាំងបានបំផ្លាញ​ផលដំណាំរាប់ពាន់​ហិកតាទៀតផង។ ជាមួយគ្នានេះ​នៅក្នុងរដ្ឋធានី​លីម៉ា រាល់សាលារៀន​​នឹង​ត្រូវបិទទ្វារ​ហូតដល់​ថ្ងៃទី២០ ខែមីនា ហើយប្រព័ន្ធ​ទឹកស្អាតអាចផ្គត់ផ្គង់​បានត្រឹមតែ​ ២៧សង្កាត់ប៉ុណ្ណោះ។

គួរបញ្ជាក់ថា​រដ្ឋាភិបាលប៉េរូ​បានធ្វើការប៉ាន់​ប្រមាណថា ការខាតបង់​ផ្នែក​ហិរញ្ញវត្ថុ​មានកម្រិតធ្ងន់ធ្ងរ​គឺនៅចន្លោះ​ពី ១៥០លានដល់៦០០លាន​ដុល្លារសហរដ្ឋអាមេរិក៕