(វ៉ាស៊ីនតោន)៖ ប្រទេសកូរ៉េខាងជើង​កំពុងបង្ហាញពី​តំរុយ នៃការ​រៀបចំ​លក្ខណៈសម្រាប់ការ​ធ្វើតេស្ត​សាកល្បង​ប្រព័ន្ធម៉ាស៊ីន​របស់​គ្រាប់​រ៉ុក្កែត នៅទីតាំង​បង្ហោះរ៉ុក្កែត​រយៈចម្ងាយឆ្ងាយ​របស់ខ្លួន។ នេះបើតាម​គេហទំព័រ​នៃក្រុមឃ្លាំមើល​រដ្ឋកុម្មុនិស្តមួយនេះ​ របស់សហរដ្ឋអាមេរិក​ ដែលត្រូវ​បានដកស្រង់​ដោយទីភ្នាក់ងារ​ព័ត៌មាន​កូរ៉េខាងត្បូង យុនហ៉ាប់ នៅមុននេះ​បន្តិចនារសៀលថ្ងៃសៅរ៍ ទី១៨ ខែមីនា ឆ្នាំ២០១៧។

វែបសាយ​អាមេរិក​ឈ្មោះថា 38 North រូបភាព​ផ្តិតយក​បានដោយផ្កាយរណប​ពាណិជ្ជកម្ម​កាលពី​ថ្ងៃទី១៣ ខែមីនា អំពីស្ថានីយ៍​​បង្ហោះ​​គ្រាប់​រ៉ុក្កែត Dongchangni របស់​កូរ៉េ​ខាង​ជើង​​​បានបង្ហាញថា ​រដ្ឋាភិបាល​ទីក្រុងព្យុងយ៉ាង​កំពុងរៀបចំ​ខ្លួន សម្រាប់​​ការ​ធ្វើ​តេស្ត​​គ្រឿង​ម៉ាស៊ីន​នៃគ្រាប់​​រ៉ុក្កែត។

គួរបញ្ជាក់​រូបភាពពីផ្កាយ​​រណប​ផ្សេងទៀត​ដែល​គេហទំព័រ 38 North បានចេញ​ផ្សាយនា​ពេល​កន្លងទៅនេះ​ ក៏បាន​បង្ហាញពី​​សកម្មភាព​របស់​​ក្រុមវិស្វកម្ម​​កូរ៉េខាងជើង នៅតំបន់​ដែលទីក្រុងព្យុងយ៉ាង​ទុកសម្រាប់​​ធ្វើតេស្តនុយក្លេអ៊ែរ​​មានឈ្មោះថា Punggye-ri ជាទីតាំង​ដែល​រដ្ឋ​នេះ​​ធ្លាប់​​បំផ្ទុះ​គ្រាប់បែក​នុយក្លេអ៊ែរ​​ចំនួន០៥លើក​រួចមក​ហើយ។ របាយការណ៍​​កាលនោះ​បានបញ្ជាក់​​យ៉ាង​​ដូច្នេះថា «ការបន្តជីករូង​ក្រោមដី​នៅតំបន់ភ្នំ Mantap ពិតជា​នឹងអនុញ្ញាត​​ឲ្យកូរ៉េខាងជើង ធ្វើតេស្ត​គ្រាប់បែក​នុយក្លេអែរ​ក្រោមដី ដែលមាន​អានុភាពខ្លាំង​លើសមុនៗ​ទៀត ដែល​វាអាច​នឹងកើនឡើង​រហូតដល់ទៅ​ទម្ងន់ ២៨២គីឡូតោន (ខ្លាំងលើសមុន ១៤ដង)»