(សេអ៊ូល)៖ ទោះបីជា​ស្ថិតនៅក្នុងក្តី​សង្ឃឹមដ៏​តិចតួចក្តី ក៏ក្រុមអ្នកគាំទ្រ​អតីតប្រធានាធិបតី​កូរ៉េខាងត្បូង លោកស្រី ផាក គឺនហេ នៅតែប្រមូលផ្តុំគ្នា​តវ៉ាដដែល ដោយមានអ្នកស្មោះស្ម័គ្រ​ជាច្រើនបានស្រែកយំ ដើម្បីទាមទារឲ្យតុលាការដក ការចោទប្រកាន់ទាំងអស់ ចំពោះលោកស្រី ផាក ដែលពួកគេស្រឡាញ់​ដែលទើបត្រូវបានទម្លាក់​ចេញពីតំណែង​កាល​ពីសប្តាហ៍មុននេះ។ នេះបើតាម​ការចេញផ្សាយ​នៅមុននេះ​បន្តិច ដោយ Channel News Asia នាររសៀលថ្ងៃសៅរ៍ ទី១៨ ខែមីនា ឆ្នាំ២០១៧។

គួរបញ្ជាក់ថាកាលពី​ថ្ងៃអង្គារ ក្រុមរដ្ឋអាជ្ញាកូរ៉េខាងត្បូង ​បានបញ្ជាឲ្យអតីតប្រធានាធិបតី​ខាងលើនេះ បង្ហាញ​ខ្លួននៅ​កន្លែងសួរចម្លើយ​នៅសប្តាហ៍​ក្រោយ ដើម្បីទទួល​ការស៊ើបសួរ​អំពី រឿងអាស្រូវ​ពុករលួយ ដែលនាំឲ្យ​រូបលោកស្រី​ធ្លាក់ចេញពី​តំណែងនោះ។ សម្រាប់ក្រុម​អ្នកតវ៉ាសម្តែងការ​គាំទ្រលោកស្រី ផាក នៅថ្ងៃសៅរ៍​នេះមានចំនួន​ជាង ២,០០០នាក់​​ដែលបានដើរដង្ហែក្បួនតាមដងវិថីនានា ក្នុងទីក្រុងសេអ៊ូល ហើយក្នុងនោះ​ក្រុម​មនុស្សមាន​គ្នាជាង ១០០នាក់ហាក់​បង្ហាញភាពសកម្ម និងការតវ៉ាខ្លាំងជាងគេ រហូតដល់​អ្នកស្រែកទ្រហោយំ​ទាមទារ​រកយុត្តិធម៌​ជូនលោកស្រី ផាក ថែមទៀតផង។

សម្រាប់ការតវ៉ាខាងលើ​ត្រូវបានគេរំពឹងថា ​នឹងអូសបន្លាយដល់ថ្ងៃអាទិត្យចុង​សប្តាហ៍នេះ ហើយ​រហូត​មកទល់នឹង​ពេលនេះ ពុំមាន​សេចក្តីរាយការណ៍ថា ក្រុមអ្នកតវ៉ា​មានការប៉ះទង្គិច ឬបង្កអំពើហិង្សា​ជាមួយ​សមត្ថកិច្ច​ទីក្រុងសេអ៊ូលនោះឡើយ៕