(ប៉េកាំង)៖ អតីតមេដឹកនាំកុម្មុយនីសចិន ម៉ៅ សេទុង ធ្លាប់បានប្រៀបធៀបគ្រាប់បែកអាតូមិក ទៅនឹង «ខ្លាក្រដាស» ដោយលើកឡើងថា អាវុធទាំងនេះអាចប្រើប្រាស់សម្រាប់តែគំរាមកំហែងគូសត្រូវប៉ុណ្ណោះ ដែលជាក់ស្តែងមហាអំណាចនុយក្លេអ៊ែរនីមួយៗ មិនងាយនឹងបាញ់ប្រហារ គ្នាឡើយ ព្រោះវាអាចបង្កវិនាសសកម្មដល់ពិភពលោកទាំងមូល។

ទោះបីជាយ៉ាងនេះក្តី ប្រទេសចិនបានកសាងឃ្លាំងសព្វាវុធនុយក្លេអ៊ែរជាកម្មសិទ្ធផ្ទាល់ខ្លួន ជាមួយនឹងក្តីបារម្ភខា្លចថា ឥទ្ធិពលនៃឃ្លាំងសព្វាវុធ ដែលខ្លួនប្រើប្រាស់សម្រាប់កំញើញអាមេរិកនោះ បង្កឱ្យរដ្ឋាភិបាលក្រុងប៉េកាំង ត្រូវប្រឈមមុខជាមួយក្រុងវ៉ាស៊ីនតោន ពិសេសពាក់ព័ន្ធនឹង ប្រព័ន្ធចាប់ស្ទាក់គ្រាប់មីស៊ីល ដែលកំពុងត្រូវបានកសាងឡើងនៅដែនដីកូរ៉េខាងត្បូង។

ហេតុអ្វីបានជាចិន មានក្តីបារម្ភចំពោះប្រព័ន្ធស្ទាក់ចាប់មីស៊ីល THAAD ?

សហរដ្ឋអាមេរិក និងកូរ៉េខាងត្បូងបានលើកឡើងថា ប្រព័ន្ធចាប់ស្ទាក់នេះ មានមុខងារគ្រាន់តែសម្រាប់ទប់ទល់មីស៊ីលរបស់កូរ៉េខាងជើងប៉ុណ្ណោះ។ តែអ្វីដែលចិនបារម្ភខ្លាំងបំផុតនោះគឺសមត្ថភាពមួយទៀតរបស់ប្រព័ន្ធនេះ។ ការពិតទៅមេដឹកនាំចិនមិនបានបារម្ភខ្លាចប្រព័ន្ធ THAAD អាចចាប់ស្ទាក់គ្រាប់មីស៊ីលកូរ៉េខាងជើងនោះទេ គឺចិនបារម្ភពីប្រព័ន្ធរ៉ាដារបស់វា ដែលអាចឱ្យអាមេរិកប្រើប្រាស់សម្រាប់តាមដានទៅលើកម្លាំង គ្រាប់មីស៊ីលរបស់ចិន។

លោក Li Bin អ្នកជំនាញអាវុធនុយក្លេអ៊ែរបានលើកឡើងថា «ការដាក់ពង្រាយប្រព័ន្ធរ៉ាដាបែបនេះ ងាយនឹងផ្តួលរំលំកម្មវិធីនុយក្លេអ៊ែររបស់ប្រទេស ចិន បានតាមរយៈការប្រមូលយកទិន្នន័យសំខាន់ក្នុងកម្មវិធីនុយក្លេអ៊ែររបស់ប្រទេសមហាអំណាចអាស៊ីមួយនេះ។

លោក Li Bin រួមទាំងអ្នកជំនាញចិនផ្សេងទៀត បានបញ្ជាក់ថា ប្រព័ន្ធរ៉ាដា អាចកំណត់ប្រភេទគ្រាប់មីស៊ីលទាំងអស់ដែលចិនត្រៀមសម្រាប់ ប្រឈមមុខជាមួយគូសត្រូវរបស់ខ្លួន។ វាប្រៀបដូចជា មហាអំណាចអាមេរិកអាចដឹងជាមុនថា តើចិនកំពុងកាន់សន្លឹកបៀមួយណាក្នុងល្បែង សង្គ្រាមមួយនេះ ដូច្នេះពួកគេអាចផ្តួលរំលំចិនលើសង្វៀនប្រយុទ្ធបានយ៉ាងងាយ។ សម្រាប់ចិន នេះជាចំណុចដ៏សំខាន់មួយ ដោយសារគ្រាប់មីស៊ីលរបស់ខ្លួនមានចំនួនកំណត់ ដែលនេះមានន័យថា ចិនអាចត្រូវបរាជ័យក្នុងការទប់ទល់ជាមួយគូសត្រូវ។

តើឃ្លាំងសព្វាវុធនុយក្លេអ៊ែររបស់ប្រទេសចិន ធំកម្រិតណា?

ប្រទេសចិន បានបាញ់សាកល្បងអាវុធនុយក្លេអ៊ែរដំបូងបំផុតក្នុងឆ្នំា១៩៦៤ ព្រមទាំងបានបន្តអភិវឌ្ឍន៍គ្រាប់មីស៊ីល នុយក្លេអ៊ែររបស់ខ្លួន រហូតដល់បច្ចុប្បន្ន។ ប៉ុន្តែការផលិតនេះមិនមានលក្ខណៈស្ថិរភាពពេកនោះទេ បើធៀបជាមួយក្បាលគ្រាប់នុយក្លេអ៊ែររាប់ពាន់គ្រាប់របស់ សហរដ្ឋអាមេរិក និងរុស្ស៊ី។

រហូតមកទល់ពេលនេះ ចិន មិនទាន់បានបង្ហើបឱ្យដឹងនៅឡើយទេ អំពីទំហំនៃកម្លាំងនុយក្លេអ៊ែររបស់ខ្លួន។ ប្រទេសចិន មានក្បាលគ្រាប់នុយក្លេអ៊ែរ ប្រមាណ២៦០គ្រាប់ ហើយតាមការសន្និដ្ឋានចុងក្រោយរបស់មន្ទីរបញ្ចកោណ បានឱ្យដឹងថា ចិនមានគ្រាប់មីស៊ីលបាលីស្ទីគ ដែលអាចបាញ់ឆ្លង ទ្វីបប្រមាណពី៧៥ ទៅ១០០គ្រាប់។ តែតាមការសន្និដ្ឋានពីប្រភពផ្សេងទៀត បានឱ្យដឹងថា ចិនមានចំនួនក្បាលគ្រាប់នុយក្លេអ៊ែរទាបជាងនេះ តែប៉ុណ្ណោះ។ ហើយការវាយតម្លៃចុងក្រោយ បានបញ្ជាក់ថា ប្រទេសចិន មានគ្រាប់មីស៊ីលបាលីស្ទីក ដែលអាចបាញ់ទៅដល់ដែនដីអាមេរិក ត្រឹមតែ៤០ ទៅ៥០គ្រាប់។

និយាយពីមហាអំណាចអាមេរិកវិញ បានដាក់ពង្រាយក្បាលគ្រាប់នុយក្លេអ៊ែររហូតដល់១,៣៧០គ្រាប់ និងមានក្នុងស្ទុករហូតដល់៦,៥០០គ្រាប់ ព្រមទាំងមាននាវាមុជទឹក និងយន្តហោះដែលអាចមានសមត្ថភាពបាញ់អាវុធនុយក្លេអ៊ែរផងដែរ។ ការពិតទៅប្រទេស ចិន ក៏បានកសាងនាវាមុជទឹក ដែលអាចបាញ់គ្រាប់មីស៊ីលនុយក្លេអ៊ែរ ប៉ុន្មានគ្រឿងផងដែរ។ ប៉ុន្តែរហូតដល់បច្ចេកវិទ្យាចុងក្រោយនៃនាវាមុជទឹករបស់ចិន នៅតែមានសម្លេងទ្រហឹងអឺងកងជាខ្លាំង ហើយមិនមានសមត្ថភាពគ្រប់គ្រាន់ ក្នុងការទប់ទល់នឹងនាវាមុជទឹកចម្បាំងរបស់សត្រូវបានឡើយ។

ហេតុនេះហើយ បានជាកម្រិតសពា្វវុធរបស់ចិន មិនចាត់ទុកថា មានសក្តានុពលខ្ពស់ពេកនោះទេ នេះជាការលើកឡើងរបស់លោក M Taylor Fravel សាស្ត្រាចារ្យប្រចាំវិទ្យាស្ថានបច្ចេកវិទ្យាម៉ាសាឈូសេត។

ប្រទេស ចិនក៏បានអភិវឌ្ឍន៍គ្រាប់មីស៊ីលរបស់ខ្លួនប្រភេទថ្មី ដែលអាចបំពាក់ក្បាលគ្រាប់នុយក្លេអ៊ែរជាច្រើនគ្រាប់ ហើយបាញ់ចេញក្នុងទិសដៅ ខុសៗគ្នាក្នុងពេលតែមួយ ដែលបច្ចេកវិទ្យាទើបអាចធ្វើបានក្នុងពេលថ្មីៗនេះប៉ុណ្ណោះ នេះជាការលើកឡើងរបស់លោក Jeffrey Lewis អ្នកជំនាញផ្នែកកម្លាំងនុយក្លេអ៊ែរចិន ប្រចាំវិទ្យាស្ថាន Middlebury។

ហេតុអ្វីបានជារហូតមកទល់ពេលនេះឃ្លាំងសពា្វវុធនុយក្លេអ៊ែរ ចិននៅតែមានទំហំតូចនៅឡើយបើធៀបនឹងអាមេរិក និងរុស្ស៊ី?

ក្នុងពេលដែលចិនចូលរួមក្នុងក្លឹបនុយក្លេអ៊ែរ ស្របពេលដែលសហរដ្ឋអាមេរិក និងរុស្ស៊ីបាននាំមុខទៅលើការកសាងឃ្លាំងស្ទុកអាវុធរួចទៅហើយ។ លោក ម៉ៅ សេទុង បានសម្រេចចិត្តក្នុងការការបង្កើតឃ្លាំងសព្វាវុធនុយក្លេអ៊ែរតូចល្មម ដែលខ្លួនគិតថា គ្រប់គ្រាន់សម្រាប់គំញើញគូសត្រូវប៉ុណ្ណោះ។ ជាមួយគ្នានេះដែរប្រទេសចិន បានប្រកាន់គោលនយោបាយមួយគឺ «មិនចេញមុខប្រើប្រាស់នុយក្លេអ៊ែរមុនគេនោះឡើយ» ដែលមានន័យថា ប្រទេសចិន នឹងមិនប្រើប្រាស់អាវុធនុយក្លេអ៊ែរដើម្បីទប់ទល់នឹងគូសត្រូវមុនឡើយ លើកលែងតែខ្លួនក្លាយជាប្រទេសរងគ្រោះជាមុនសិន ទើបចិនសម្រេចចិត្តប្រើប្រាស់តាមក្រោយ។ ជាងនេះទៅទៀត ចិនមិនប្រើប្រាស់អាវុធនុយក្លេអ៊ែរ ទប់ទល់នឹងប្រទេសដែលគ្មាន អាវុធនុយក្លេអ៊ែរជាដាច់ខាត។

ទោះបីជាយ៉ាងនេះក្តី ប្រទេសចិន កំពុងពង្រីក និងជម្រុញកម្លាំងនុយក្លេអ៊ែររបស់ខ្លួនជាបន្តបន្ទាប់ ហើយការធ្វើទំនើបកម្មនេះអាចនឹង ត្រូវបានបន្ថែមល្បឿនជាបន្តទៀត ប្រសិនបើរដ្ឋាភិបាលចិន ពិនិត្យឃើញថា ខ្លួនកំពុងដើរយឺតជាងសហរដ្ឋអាមេរិកជាច្រើនជំហាននោះ៕

បកប្រែ និងសម្រួលដោយ៖ អ៊ឹត ចណ្ណា