(ហាណូយ)៖ ៤៨ដុំនៃគំរូសាច់ជ្រូក ក្នុងចំណោមគំរូសាច់ជ្រូកសរុប ១០៨ដុំ ដែលត្រូវបានប្រមូលពីផ្សារ Wet ក្នុងខេត្ត Hung Yen ដើម្បីយកមកវិភាគ​បានបង្ហាញថា មានពោរពេញ​ទៅដោយបាក់តេរី​ដ៏មានគ្រោះថ្នាក់​ម្យ៉ាងដល់សុខភាព​អ្នកបរិភោគ​ឈ្មោះថា  Salmonella​។ នេះបើតាម​ការដក​ស្រង់​ព័ត៌មាន​ពីវែបសាយវៀតណាម Vietnam News នៅថ្ងៃចន្ទ ទី២០ខែមីនា ឆ្នាំ២០១៧។

ការអះអាង​ខាងលើនេះធ្វើឡើងដោយផ្អែក​លើការសិក្សាស្រាវជ្រាវ និងវិភាគ​នៅចន្លោះពីឆ្នាំ២០១៤ ដល់ឆ្នាំ២០១៥ ដែលទើបតែ​ចេញផ្សាយ​នាពេលថ្មីៗ​នេះ ដោយក្រុមអ្នក​វិទ្យាសាស្ត្រមក​ពីសាកលវិទ្យាល័យ សុខាភិបាលទីក្រុងហាណូយ និងស្ថាប័នដៃគូជាច្រើនទៀត។ លើសពីនេះ​ទៅទៀត​ការសិក្សា​ស្រាវជ្រាវ​ដដែល​​ក៏បានបញ្ជាក់​ដែរថា នៅក្នុងចំណោម​សាច់ជ្រូកដែលត្រូវបានយក​មកវិភាគ មានសុទ្ធតែ​ពពួកបាក់តេរី​ បង្កគ្រោះថ្នាក់ដល់សុខភាពមនុស្ស ខណៈអ្នកបរិភោគសាច់ជ្រូកនៅក្នុងខេត្ត Hung Yen បានធ្លាក់ខ្លួនឈឺ​ដោយសារ​ប៉ាក់តេរី Salmonella ១៨ភាគរយ​ក្នុងមួយឆ្នាំ ហើយនេះ​គឺផ្ទុយ​ទាំងស្រុងពី​​ការវាយ​តម្លៃរបស់​អង្គការសុខភាព​ពិភពលោក WHO កាលពីឆ្នាំ២០១៥ ដែលថា​ ការបរិភោគ​សាច់ជ្រូក​មានផ្ទុកប៉ាក់តេរី Salmonella មាន​តែមួយភាគរយ​ប៉ុណ្ណោះ នៅក្នុងបណ្ដា​ប្រទេសអាស៊ីអាគ្នេយ៍​រួមទាំង​វៀតណាម។

គួរបញ្ជាក់ថា Salmonella គឺជាប្រភេទប៉ាក់តេរី ដែលអាចបង្កជំងឺដល់មនុស្សដូចជា ជំងឺរាគ ឈឺពោះ គ្រុនក្ដៅ និងជាតិពុល​នៅក្នុងឈាម​កើនឡើងជាដើម៕