(បាងកក)៖ ប៉ូលិសថៃបាន​ឲ្យដឹងថា​ ពួកគេទើបតែ​បានរកឃើញពី​គំរោងការណ៍​ដ៏ខ្មៅងងឹត​មួយ ដែលត្រូវបាន​រៀបចំឡើង ក្នុង​គោលបំណង​​ធ្វើឃាត​នាយករដ្ឋមន្រ្តី​ថៃលោក ប្រាយុទ្ធ ចាន់អូចា បន្ទាប់ពី​មានការរឹបអូស​បាន​ឃ្លាំងស្តុកអាវុធ​មួយកន្លែង ជាកម្មសិទ្ធិ​របស់​សកម្ម​ជន​ប្រឆាំង​រដ្ឋាភិបាល​យោធា​ដែលបាន​រត់គេចខ្លួន។ នេះបើ​តាមការចេញ​ផ្សាយដោយ​សារព័ត៌​មាន Channel News Asia នៅមុននេះ​បន្តិច​នាព្រឹក​ថ្ងៃចន្ទ ទី២០ ខែមីនា ឆ្នាំ២០១៧។

កម្លាំងប៉ូលិស​នៃប្រទេសថៃ​នៅថ្ងៃអាទិត្យ​ម្សិលមិញ​នេះ បានរកឃើញ​កាំភ្លើងវែង​ជាច្រើនដើម​ រួមជាមួយ​គ្រាប់បែកមួយ​ចំនួន ក៏​ដូច​​ជា​​​គ្រាប់​​កាំ​​​ភ្លើង​​​រាប់​សិបគ្រាប់ នៅផ្ទះរបស់មេដឹកនាំ​សកម្មជន​អាវក្រហម​ឈ្មោះ Wuthipong Kochathamakun ដែលបាន​រត់ភៀសខ្លួន​ចាប់តាំងពីការ​ធ្វើ​រដ្ឋប្រហារ​យោធា​មកម៉្លេះ។ ម៉្យាងវិញទៀត​សមត្ថកិច្ច​ក៏បានចាប់​ខ្លួនបុរស​ចំនួន​ ០៩នាក់ ផ្សេងទៀត​នៅក្នុងប្រតិបត្តិការ​នេះផងដែរ ដោយ​​បាន​​បញ្ជាក់ថា ពួកគេ​បានភស្តុតាងយ៉ាងជាក់​ច្បាស់​ថា​ជនសង្ស័យទាំង​ប៉ុន្មានរូប​នេះ និងបណ្តាញរ​បស់ពួកបាន​រៀប​ចំគំរោង​ ដើម្បីបង្កភាព​​ចលនាចល​នៅក្នុង​ប្រទេស។

លោក Jakthip Chaijinda មេបញ្ជាការ​ប៉ូលិសថៃ​បានថ្លែងប្រាប់​ក្រុមអ្នកសារព័ត៌មាន​ថា «យើងបាន​រកឃើញកាំភ្លើង​បាញ់ស៊ីប​មួយដើម ​ហើយយើង​ធានាថា​ វាមិនមែន​សម្រាប់បាញ់​សត្វបក្សី​លេងនោះ​ឡើយ ប៉ុន្តែដើម្បី​ត្រៀមសម្រាប់​ប្រើប្រាស់​ក្នុងការលួច​ធ្វើឃាត​មេដឹកនាំ​​ប្រទេសថៃ» ដោយសំដៅ​ទៅលើនាយករដ្ឋ​មន្រ្តីលោក ប្រាយុទ្ធ ចាន់អូចា តែម្តង។ យ៉ាងណា​មិញមន្រ្តី​ប៉ូលិសថៃ ពុំបានបង្ហាញ​ភស្តុតាងអ្វី​ផ្សេង​ទៀត​អំពីគំរោងការណ៍​ធ្វើឃាតនេះ​ឡើយ ប៉ុន្តែលោក Jakthip បាននិយាយ​ថា​លោក Wuthipong និងបណ្តាញ​របស់ខ្លួន​តែងតែបាន​ធ្វើ​ការ​ប្រឆាំង​នឹងរដ្ឋាភិបាល​យោធា ហើយក្រុម​សកម្មជន​នេះបានព្យាករណ៍​នៅលើបណ្តាញ​ទំនាក់ទំនង​សង្គមថា​ លោក​នាយករដ្ឋ​មន្រ្តី​នឹង​ត្រូវ​គេ​ធ្វើឃាត​នៅថ្ងៃណា​មួយជាក់​ជាមិនខាន។

គួរបញ្ជាក់ថា​លោក ប្រាយុទ្ធ ចាន់អូចា ដែលជា​អតីត​មេទ័ពថៃបានផ្តួរ​រំលំ​រដ្ឋាភិបាល​ប្អូនស្រី​បង្កើតរបស់​លោក ថាក់ស៊ីន ​ស៊ីណាវ៉ាត់ គឺលោកស្រី យីងឡាក់ នៅក្នុង​រដ្ឋប្រហារ​យោធាកាលពី​ឆ្នាំ២០១៤។ ចាប់តាំងពី​ពេលនោះ​មក​រដ្ឋាភិបាល​យោធា​របស់លោក ប្រាយុទ្ធ បាន​រកឃើញ​ឃ្លាំងស្តុក​សព្វាវុធជា​ច្រើនកន្លែង ដែលជា​របស់ក្រុមស្ម័គ្រ​ស្មោះនឹង​ត្រកូល ស៊ីណាវ៉ាត់៕